ភ្នំពេញ ៖ ក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៥នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមកកាន់តុលាការរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ដើម្បីសាកសួរករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ធំ និង៥កញ្ចប់តូច។
មនុស្សប្រុសទាំង៥នាក់នេះឈ្មោះ ហាក់ ភារម្យ អាយុ៣០ឆ្នាំ, ឈ្មោះ កែវ សុភក្ដ្រ អាយុ៣៤ឆ្នាំ, ឈ្មោះ នាង វុទ្ធី អាយុ១៦ឆ្នាំ,ឈ្មោះគុជ សម្បត្ដិ អាយុ២៤ឆ្នាំ និងឈ្មោះ ម៉ាញ ចន្ថា អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅ នៅចំណុច
ស្ថានីយប្រេងឥន្ធនៈតេលា ស្ដុបទួលទំពូង និងផ្លូវលេខ១៦៣ កែងមហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយដកហូតម្សៅក្រាមពណ៌ស២កញ្ចប់ធំ និង៥កញ្ចប់តូច ម៉ូតូម៉ាកSL២គ្រឿង ជញ្ជីងថ្លឹងមួយ និងទូរស័ព្ទដៃចំនួន៩គ្រឿង ព្រមទាំងឧបករណ៍សេពគ្រឿងញៀន មួយចំនួនទៀត៕