ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ រោងចក្រ SL នៅតែបន្តធ្វើបាតុកម្មដដែល និងគណៈកម្មការសម្រាប់ដោះស្រាយបណ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានប្រកាសថា អគ្គនាយកក្រុមហ៊ុន SL បានព្រមទទួលយកតំណាងកម្មករទាំង ១៩នាក់ ឲ្យចូលធ្វើការវិញហើយ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកតាមដានសកម្មភាពបាតុភាពរវាងក្រុមកម្មករ និងភាគីរោងចក្រ SL ស្ថិតនៅក្នុងភូមិប្ញស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យនោះ បានសម្តែងការត្រេកអរ និងសាទរ ចំពោះដំណោះស្រាយដ៏ប្រសើរនេះ ហើយក៏ សូមអរគុណដល់ភាគីរោងចក្រ ដែលព្រមទទួលយកតាមលក្ខខណ្ឌរបស់ក្រុមកម្មករ។
ក្រុមអ្នកតាមដានក៏រំពឹងផងដែរថា សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលគេដឹងច្បាស់ថា ជាអ្នកនៅពីក្រោយនៃបាតុភាពនាពេលកន្លងមកនេះ នឹងពិចារណាបានល្អិតល្អន់ជាទីបំផុតមុនឈានដល់អូសទាញកម្មករធ្វើការតវ៉ាបែបនេះ ព្រោះអ្នកប៉ះពាល់ធ្ងន់ធ្ងរជាងគេមិនមែនលោក អាត់ ធន់ ជាប្រធាននោះទេ តែក្រុម កម្មករទេ ដែលត្រូវអត់លុយបង់ផ្ទះជួល និងថ្លៃចាយវាយផ្សេងៗទៀត។ សហជីពមិនអាចគិតតែពីប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនគិតពីប្រយោជន៍ជាតិ និងកម្មករជាពលរដ្ឋខ្មែរទាំងមូលនោះទេ។
ក្រោយប៉ះទង្គិចរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា បានចេញ ស.ជ.ណ ឲ្យរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំរោងចក្រ SL បង្កើនការដោះស្រាយជូនកម្មករ ហើយបើភាគីរោងចក្រ រឹងរូសមិនព្រមដោះស្រាយទេនោះ នឹងត្រូវចាត់វិធានការតាមនីតិវិធីតុលាការ។
ជាមួយនឹងការចេញ ស.ជ.ណ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មការ សម្រាប់ដោះស្រាយ វិវាទ និងភាគីសហជីព រួមនឹងនិយោជក នៃរោងចក្រSL ក៏បានពិភាក្សារកដំណោះស្រាយ ជាមួយគ្នា ព្រមទាំង ឈានដល់ការឯកភាពលើលក្ខខណ្ឌ ៦ចំណុចរួចមកហើយផងដែរ តាមការទាមទាររបស់កម្មករ។
លក្ខខណ្ឌ៦ចំណុចនោះរួមមានៈ
១- ករណីលោក មាស សុត្ថា ភាគីទាំងពីរទុកឲ្យក្រសួងការងារធ្វើការជាមួយ លោក មាស សុត្ថា ដោយផ្ទាល់ ដើម្បីស្នើសុំឲ្យគាត់ធ្វើលិខិតជាលាយលក្ខណ៍អក្សរបញ្ជាក់ថា គាត់នឹងដកខ្លួន និងមិនពាក់ព័ន្ធការងារចាត់ចែង នៅក្រុមហ៊ុន SL តទៅទៀតឡើយ។
២- ករណីកម្លាំងសមត្ថកិច្ចការពារសណ្ដាប់ធ្នាប់ រោងចក្រសព្វថ្ងៃភាគីទាំងពីរ ឯកភាព រក្សាទុកសម្រាប់ ប្រចាំការ នៅក្នុងរោងចក្រដដែលរហូតដល់មានការដោះស្រាយចប់សព្វគ្រប់។
៣- ចំពោះបញ្ហាវេនធ្វើការ ភាគីក្រុមហ៊ុនឯកភាពថា នឹងរៀបចំវេនធ្វើការជា៣វេនតាមការ ស្ម័គ្រចិត្តរបស់បងប្អូន កម្មករនិយោជិត។ ប្រសិនបើមានការផ្លាស់ប្ដូរវេនធ្វើការ ភាគីក្រុមហ៊ុន និងសហជីព កម្មករនិយោជក នឹងធ្វើការ ពិភាក្សាគ្នា ដោយស្របទៅតាមនីតិវិធីច្បាប់ស្ដីពីការងារ។
៤- ការដកពាក្យបណ្ដឹងពីតុលាការគឺក្រសួងការងារស្នើសុំភាគីទាំងពីរផ្អាកការប្ដឹងផ្តល់គ្នា ហើយភាគីទាំងពីរ ក៏យល់ព្រមចំពោះការស្នើសុំនេះ ព្រមទាំងបានឯកភាពគ្នាថានឹងមិនបង្កឲ្យមានអំពើហិង្សា ជាមួយគ្នាតទៅទៀត ឡើយ។ ក្នុងករណីដែលសហជីពកម្មករនិយោជិត នៅបន្តធ្វើកូដកម្ម បាតុកម្មខុសពីនីតីវិធីច្បាប់នោះ ភាគីនិយោ
ជក នឹងបន្តឡើងវិញនូវបណ្ដឹង ចាស់នាពេលកន្លងមក។ ភាគីក្រុមហ៊ុន បានបញ្ជាក់ថា មិនមានការគុំគួន កម្មករ និយោជិត ដែលធ្វើ កូដកម្ម បាតុកម្មកន្លងមកនោះទេ ជាពិសេសថ្នាក់ដឹកនាំសហជីពនិងសកម្មជនរោងចក្រSL។
៥-ចំពោះកម្មករនិយោជិតដែលមិនទាន់ បានប្រាក់ឈ្នួលសម្រាប់ខែសីហា និងខែកញ្ញាឆ្នាំ ២០១៣អាចទៅបើក ប្រាក់ឈ្នួលនៅតាមក្រុមគ្រប់ពេល។
៦- ភាគីកម្មករនិយោជិតសុខចិត្តទទួល ប្រាក់៥០ភាគរយនាំប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំក្នុងអំឡុង ពេលធ្វើ កូដកម្ម បាតុកម្មសរុប ប្រមាណជិត១លានដុល្លារ។ រោងចក្រមិនមានលទ្ធភាពផ្ដល់ជូនទេតែក្រសួងការងារបាន សហការជាមួយមជ្ឈមណ្ឌល អាម៉េរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ គម្រោងរោង ចក្រកាន់តែប្រសើរ នៅកម្ពុជាមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្របសម្រួល ជាមួយអ្នកបញ្ជាទិញ ឲ្យជួយចេញថវិកា៕