កណ្តាល ៖ កូនតិរច្ឆានម្នាក់បានគំរាមសម្លាប់ម្តាយបង្កើត និងបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ប្រសិនបើម្តាយមិនទិញទូរស័ព្ទនិងម៉ូតូឲ្យប្រើទេនោះ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិតាខ្មៅសង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ម្តាយជនសង្ស័យបានប្តឹង នគរបាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនកូនប្រុសចិត្តតិរច្ឆានរូបនេះ ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ លុយ ដារី អាយុ២៦ឆ្នាំ ទើបចេញពីគុកបានរយៈពេល២៦ថ្ងៃប៉ុណ្ណោះ។ ម្តាយឈ្មោះ លុយ ផលលាង អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយគ្នា ក្នុងកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា ជនសង្ស័យជាកូននេះ កាលពីអំឡុងឆ្នាំ២០០៨ ត្រូវបានសាលាដំបូងខេត្ត កណ្តាលសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្តាលរយៈពេល ៦ឆ្នាំ ពីបទប្លន់ ដែលបានប្រព្រឹតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៨ នៅក្រុងតាខ្មៅ ។ រហូតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាសម្រេចដោះលែងឲ្យមានសេរីភាព ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីចេញពីពន្ធនាគាររួចមកជនសង្ស័យខាងលើនេះពុំបានកែប្រែចិត្តគំនិតនោះទេ ហើយបានប្រព្រឹតអំពើមិនគប្បីផ្សេងៗដូចជាប្រើប្រាស់គ្រឿងញៀន ជាដើម ។ លុះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យបានត្រឡប់មកពីផឹកស៊ីវិញ ក៏រករឿងម្តាយ ហើយបានបោកចានឆ្នាំ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះចោលបែករាយប៉ាយពេញផ្ទះ ។ មិនតែប៉ុណ្ណោះជនសង្ស័យខាងលើនេះបាននិយាយគំរាមសម្លាប់ម្តាយចោល បើមិនព្រមទិញម៉ូតូ និងទូរស័ព្ទឲ្យគេ(ជនសង្ស័យ) ប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅបន្ទប់ឃុំឃាំងរបស់អធិការដ្ឋាននករបាល ក្រុងតាខ្មៅ ដើម្បីរង់ចាំចាត់ការតាមនីតិវិធី ៕