ភ្នំពេញ ៖ បុរសអ្នកជាអ្នកម៉ៅការសំណង់ម្នាក់ជិះរថយន្តទៅចតនៅមុខផ្សារឡាក់គី រួចចូលទៅក្នុងផ្សារ ត្រូវជនមិនស្គាល់មុខវាយបំបែកកញ្ចក់ រថយន្តលួចយកប្រាក់ប្រមាណជិត៤០លានរៀលទៅបានដោយសុវត្ថិភាព ខណៈជនរងគ្រោះទើបបើកចេញពីធនាគារកាណាឌីយ៉ា។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងដោយសារមានក្រុមជនសង្ស័យមិនស្គាល់មុខ២នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-0778 កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់រថយន្តដែលចោរលួចយកលុយនេះមានឈ្មោះ ញឹវ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នកម៉ៅការសំណង់ ស្នាក់នៅ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ តាមបណ្តោយផ្លូវជាតិលេខ៥ ។
តាមការរៀបរាប់របស់បុរសម្ចាស់លុយ បានឲ្យដឹងថា គាត់បានចេញពីផ្ទះ ដើម្បីទៅបើកលុយក្នុងធនាគារកាណាឌីយ៉ា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបើករថយន្ត មកចតនៅមុខផ្សារឡាក់គីកន្លែងកើតហេតុខាងលើ ដោយទុកលុយក្នុងរថយន្តនិងចាក់សោត្រឹមត្រូវ រួចក៏ដើរចូលទៅក្នុងផ្សារឡាក់គី ដើម្បីរកទិញទំនិញបន្តិចបន្តួច ។ ខណៈចូលបានប្រមាណកន្លះម៉ោង ពេលចេញមកវិញមកដល់រថយន្ត ស្រាប់តែឃើញរថយន្តរបស់គាត់ បែកកញ្ចក់ទ្វារខាងមុខ ផ្នែកខាងឆ្វេង ។ ភ្លាមៗនោះគាត់បានស្ទុះទៅរកមើលថង់លុយ ដែលទុកក្នុងរថយន្តមិនឃើញ ទើបស្រែកឆោរឡោដឹងដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានឲ្យម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាល ប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីងាយស្រួលដល់សមត្ថកិច្ច បើកការស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕