ភ្នំពេញ ៖ ក្រោយពេលបានចាកចេញពីកម្ពុជារយៈពេល១ឆ្នាំដើម្បីទៅសិក្សានៅសាលា Walnut School for the Art ជា សាលាសិល្បៈល្បីបំផុតនៅសហរដ្ឋអាមេរិកនោះបុស្បាប៉ាន់បាននិពន្ធ បទភ្លេងនេះសម្រាប់ជាចំណងដៃដល់ប្រជាជនកម្ពុជាហើយវាត្រូវបានទទួល ការកោតសរសើរមិនដាច់ពីមាត់ពីអ្នកស្តាប់ និង ក្រុមអ្នកជំនាញផ្នែកតូរតន្ត្រី
មកពីបញ្ចឹមប្រទេស។ បុស្បាប៉ាន់បាននិយាយឲ្យដឹងតាមរយៈវីដេអូស្កាយពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា នាងបានចាប់ផ្តើមសរសេរបទភ្លេងតាំងពីអាយុ៦ឆ្នាំ មកម្ល៉េះហើយរហូតមកទល់ពេលនេះនាងសរសេរបទភ្លេងបានចំនួន៥០បទដោយ បទភ្លេងទាំងនោះក៏ត្រូវបាននាំទៅសម្តែងនៅតាមបណ្តាខនសឺតជាលក្ខណៈ ជាតិ និង
អន្តរជាតិជាច្រើននៅកម្ពុជា។ ចំណែកបទភ្លេង «The Enchanted Pavilion» ត្រូវបាននាងសរសេរទ្បើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីបានទទួលការហ្វឹកហាត់នៅទីនោះក្នុងមួយរយៈពេលកន្លងមកនេះ។
បុស្បាប៉ាន់និយាយថា «ខ្ញុំមានការភ្ញាក់ផ្អើលមែនទែនពេលឃើញលោក Anton Isselhardt អ្នក រៀបចំមហោស្រពតន្ត្រីអន្តរជាតិភ្នំពេញបានសរសេរអ៊ីម៉ែលមកសុំយក បទភ្លេងនេះទៅសម្តែងក្នុងមហោស្រពរបស់គាត់ហើយខ្ញុំភ្ញាក់ផ្អើល ខ្លាំងណាស់ ដែលបទភ្លេងនេះទទួលបានការកោតសរសើរពីមនុស្សជាច្រើន»។ នៅឯសាលា Walnut
School for the Art ដែល មានសិក្សានុសិស្សមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរៀនផ្នែក សិល្បៈចម្រុះ និង តូរតន្ត្រីអូប៉េរ៉ាឯណោះវិញនោះបុស្បាប៉ាន់បាននឹងកំពុងសិក្សា នៅទីនោះតាមកម្មវិធីសិក្សាតាមកម្មវិធីសាលាដាក់ចេញដូចជារៀនពី បច្ចេកទេសប្រើសម្លេង ប្រើបំពង់ក រៀនទ្រឹស្ដីភ្លេង ព្យាណូ និង តែងបទភ្លេង និង ចូលរួមជាក្រុមជាមួយក្រុមតន្ត្រីដែលមានការប្រគុំពីអ្នកជំនាញ ល្បីៗ។ បុស្បាប៉ាន់ក៏រៀនចំណេះដឹងទូទៅលើបីមុខវិជ្ជាបន្ថែមពីលើផ្នែក សិល្បៈរបស់នាងផងដែរ។ បុស្បាប៉ាន់បាននិយាយាឲ្យដឹងថា «បទ ភ្លេងនិមួយៗបើអ្នកសរសេរមានសំនៀងល្អតែបច្ចេកទេសមានកំរិតនោះ មិនអាចតែងបទភ្លេងបានល្អនោះទេហើយការមានបច្ចេកទេសល្អមិនមែន ត្រឹមតែបញ្ចូលនូវអារម្មណ៍ល្អនោះទេតែយើងក៏ត្រូវបញ្ចូលនូវ ទិដ្ឋភាពដែលលេចចេញពីអារម្មណ៍ស្រមើស្រមៃរបស់យើង ផងដែរ »។ បន្ទាប់ពីបានចូលរៀននៅសាលាដ៏ល្បីនេះបុស្បាប៉ាន់បាននិយាយថា «សាលារៀន ផ្តល់ឱកាសដល់យើងតែអ្នករៀនទេដែលត្រូវសម្រេចថាទៅឬមិនដល់គោលដៅ របស់ខ្លួននោះតែតាមរយៈការរៀននៅទីនោះខ្ញុំមានការរីកចំរើនច្រើន លើការប្រើប្រាស់សម្លេងបច្ចេកទេសនៃការពត់សម្លេងការ ទំនាក់ទំនងជាមួយ អ្នកស្តាប់ហេតុនេះខ្ញុំត្រូវរៀនរយៈពេលពី៨ទៅ១០ឆ្នាំទៀតដើម្បី បញ្ចប់ថ្នាក់បណ្ឌិតផ្នែកចម្រៀង និង តូរតន្ត្រីពីសាលានេះ !»។ មនុស្សជាច្រើនគិតថាចម្រៀងអូប៉េរ៉ាជាចម្រៀងសម្រាប់ពួកអភិជន និង ជាសិល្បៈមកពីបញ្ចឹមប្រទេសហើយពួកគេមិនសូវចេះស្តាប់បទចម្រៀង ពោរពេញដោយភាពលន្លង់លន្លោចដែលមាន
ប្រភពចេញមកពីអតីតចក្រភពរ៉ូម៉ាំង នេះទ្បើយ។ ប៉ុន្តែបុស្បាប៉ាន់បានយល់ឃើញផ្ទុយពីនេះដោយនាងបាននិយាយថា «ពិត ណាស់អូប៉េរ៉ាសរសេរទ្បើងដោយពួកអភិជន។ ប៉ុន្តែដោយសារបច្ចេកវិទ្យារីកចំរើនបានធ្វើឲ្យបទភ្លេងនេះសាយភាយ ជុំវិញពិភពលោក។ បើមានអ្នកណាគិតបែបនេះគឺកំពុងដាក់ព្រំដែនឲ្យខ្លួនឯងហើយយើងទេ ដែលមិនព្រមទទួលយកការបណ្តុះបណ្តាលនិងមិនព្រមបើកចិត្តទទួលយក”។ បុស្បាបន្តថា “បទភ្លេងមហោរីខ្មែរយើងអ្នកស្តាប់ខ្លះថាជាបទភ្លេងសម្រាប់ សាសនាមួយតែបទភ្លេងនេះគឺមានទម្ងន់អាចប្រៀបនឹងបទភ្លេងខ្លះមកពី ប្រទេសអ៊ីតាលី និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនទៀត»។
បុស្បា ប៉ាន់តែងនឹកដល់សម្លខ្មែរនិងគ្រូរបស់នាងរួមទាំងអ្នកគាំទ្ររបស់ នាងទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នាងនិយាយថា «ខ្ញុំ នឹងត្រលប់មកកម្ពុជាវិញ ក្នុងនាមជាអ្នកចម្រៀង ហើយនាំប្រជាជនខ្មែរឲ្យស្គាល់បទភ្លេងអូប៉េរ៉ា និង ធ្វើការងារមនុស្សធម៌»។ នាងនិយាយថា «សិល្បៈ ចំរៀងនិង តូរតន្ត្រីប្រសិនជាយើងមិនលើកតម្កើងទេវានឹងធ្វើឲ្យ
យើងបាត់បង់ អត្តសញ្ញាណរបស់យើង ហើយខ្ញុំនឹងខិតខំរៀនដើម្បីសម្រេចនូវក្តីសុបិនរបស់ខ្ញុំនេះ!»៕