ប៉ោយប៉ែត៖ ប្រភពព័ត៌មានពីបន្ទាត់ព្រំដែន កម្ពុជា ថៃ បានប្រាប់កាសែត អរិយធម៌ អោយដឹងថា មន្ត្រីប៉ូលិសការពារ ព្រំដែនគោកលេខ៨៩១ ដែលឈរជើង នៅក្នុងភូមិសាស្ត្រ ខាងត្បូងផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត បានបើកទ្វារ ចំហជើងមេឃ អនុញ្ញាតិអោយពលករ ឆ្លងដែនចេញចូលប្រទេសថៃ យ៉ាងភ្លូកទឹកភ្លូកដី ដោយគ្មានការកោតក្រែងរអែងច្បាប់ទំលាប់អ្វីបន្តិចសោះឡើយ។
ក្រុមប៉ូលិសនៅតំបននោះ ភាគច្រើនមិនបានគោរព អនុសាសន៏ របស់ថ្នាក់ដឹកនាំទេ ប៉ុន្តែពួកគេបែជានាំគ្នាផ្គើនទៀត ជាក់ស្តែងកាលពីរយះកន្លងមកថ្នាក់ដឹកនាំនៃ អគ្គស្នងការនៃក្រសួងមហាផ្ទៃ ក៏ដូចជាលោកស្នងការធ្វើការព្រមានដល់ មន្ត្រីប៉ូលិសការពារ ព្រំដែនទាំងបួន វរះដែលឈរជើង ការពារ បន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រទឹកដីខេត្តបន្ទាយមានជ័យ ត្រូវយកចិត្ត ទប់ស្កាត់ពលករចំណាកស្រុក និងទប់ស្កាត់ទំនិញគេចព័ន្ឋ ឆ្លងដែន ដើម្បីប្រមូលថវិការចូលរដ្ឋ ។
ប្រការគួរអោយសោកស្តាយ មន្ត្រីប៉ូលិសការពារព្រំដែនគោក លេខ៨៩១ ក្រោមការគ្រប់គ្រង របស់ លោក ហាំ វណ្ណះ ដែលជាមេបញ្ជាការ បានអនុញ្ញាតិ អោយកូនចៅក្រុមឳវាទ របស់ខ្លួន ឃុបឃិតជាមួយឈ្មួញទុច្ចរិត នាំទំនិញគេចពន្ឋចេញ ចូលឆ្លងដែនតាមទំនើង លើពីនេះទៅទៀតពួកគេ បានបើកភ្លើងខៀវ អោយពលករខ្មែរ ធ្វើការ
ចំណាកស្រុក ចូលប្រទេសថៃ យ៉ាងភ្លូកទឹកភ្លូកដី ដូចគេហែរកឋិន។
ប្រភពព័ត៌មានបានបន្ត អោយដឹងថា ក្រុមមន្ត្រីប៉ូលិសការពារព្រំដែន ៨៩១ សុទ្ឋតែមានជំនាញផ្សេងៗគ្នារៀងៗខ្លួន ចាប់ពីមន្ត្រីតូចតាច រហូតដល់ថ្នាក់អនុប្រធានវរការពារ ព្រំដែន ក្នុងនោះ មានអនុប្រធានវរ បានបែងចែងតំបនគ្នាគ្រប់គ្រង គឺដាក់ប៉ុស្តិ៏បណ្តាក់គ្នាដូចខ្យងអីចឹង ខ្លះ មានជំនាញលុបអូរព្រំដែន ដើម្បីយកដីលក់ អោយឈ្មួញ បើកហាងខារ៉ាអូខេ ជាក់ស្តែងដូចជាលោក ជួ ប៉ុន អនុប្រធានវរះជាដើម និងខ្លះទៀត បើកច្រករបៀងនាំទំនិញ គេចពន្ឋចេញចូល តាមច្រករបស់ខ្លួន យ៉ាងនាធិបតេយ្យបំផុត ។
មិនអាចសុំការបំភ្លឺពី លោក ហាំ វណ្ណះ មេបញ្ជាការប៉ូលិស វរការពារ ព្រំដែនគោកលេខ ៨៩១ បានទេ ប៉ុន្តែលេខក្រោយ សារព័ត៌មានអរិយធម៌ និងតាមដានស្រាវជ្រាវ បញ្ជាក់នៅព័ត៌មាន លំអិតមកផ្សាយជូននៅលេខក្រោមបន្តទៀត៕ ដោយ ខៀវ បូរី
» Breaking News, ព័ត៌មានជាតិ » មន្ត្រីប៉ូលិសការពារព្រំដែនគោកលេខ ៨៩១នៅតែបន្តបើកភ្លើងខៀវនាំពលករឆ្លងដែន និងនាំទំនិញគេចពន្ឋ ខុសច្បាប់