ឧត្តរមានជ័យ ៖ ការប្រកួតកីឡាប្រដាល់សេរីលក្ខណៈមិត្តភាពអន្តរជាតិរវាងខ្មែរ-ថៃ ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី ២៦ វិច្ឆិកា ២០១៣ នៅភូមិអូរចិញ្ចៀន ឃុំ-ស្រុក អន្លង់វែង បានផ្អាកនៅម៉ោង១០យប់ ត្រឹមគូពិសេសខ្មែរ-ថៃ ដោយសារកីឡាករខ្មែរធ្វើពហិការមិនចូលប្រកួត ព្រោះតែគណៈកម្មការរៀបចំការប្រកួតមិនយកចិត្តទុកដាក់ សូម្បីតែបាយទឹក និងកន្លែងស្នាក់នៅ តែបែរជាយកចិត្តទុកដាក់តែកីឡាករថៃ ។
តាមការគ្រោងទុកគណៈកម្មការបាន រៀបចំការប្រកួតកីឡាប្រដាល់សេរីចំនួន៥គូរវាកីឡាករកម្ពុជា នឹងកីឡាករថៃនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាប់ផ្ទះសំណាក់សុខារិទ្ធិ ដោយតម្លៃសំបុត្រ៧ពាន់រៀល និងមិនគិតពីលុយផ្ញើម៉ូតូ២ពាន់រៀល ផ្ញើរថយន្ត៥ពាន់រៀល ។
ដោយសារតែអាក់ខានការប្រកួតចាប់ពីល្ងាចថ្ងៃទី២៦ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ធ្វើឲ្យអ្នកទស្សនាការប្រកួតជាច្រើនរយនាក់ ផ្ទុះកំហឹងនិងសុំដូរសំបុត្រយកលុយវិញ (តម្លៃសំបុត្រ៦០០០រៀល-តែសម្រាប់អ្នកទិញមានកៅអីអង្គុយ ៧០០០រៀល) តែអ្នកខ្លះដូរបានពាក់កណ្តាល ខ្លះអត់ ក៏បានយកកៅអីទៅផ្ទះ ។
សេចក្តីរាយការណ៏បានបន្តថា ខាងគណៈកម្មការរៀបចំការប្រកួតមិនត្រឹមតែមិនយកចិត្តទុកដាក់កីឡាករខ្មែរ ប៉ុណ្ណោះនោះទេ សូម្បីតែសង្វៀនប្រដាល់ក៏ពុំមានសុវត្ថិភាព ( ធ្លុះធ្លាយ ) បណ្តាលឲ្យកីឡាករមួយចំនួនដែលប្រកួតមុនគូពិសេស មុតដែកគោលនោះថែមទៀត ៕
នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំនេះ អរិយធម៌ មិនទាន់អាចសុំការបំភ្លឺពីខាងគណៈកម្មការរៀបចំការប្រកួតខាងលើបាននៅឡើយទេ៕