ភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអោយផ្នាក់ងារព័ត៌មានយើង ថា ក្នុងខែតុលា ឆ្នាំ២០១៣ ភ្ញៀវទេសចរអន្ដរជាតិដែលចូលមករាជធានីភ្នំពេញ មានចំនួនជិត៩ម៉ឺននាក់ គឺមានកំណើន១៣,៩២% បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៣ ។ ភ្ញៀវទេសចរទាំងនោះរួមមានភ្ញៀវដែលមកសម្រាកកម្សាន្ដ និងទេសចរណ៍ធុរកិច្ចរួមទាំងពាណិជ្ជករ និងគណៈប្រតិភូ ។
លោក តាំង សុចិត្ដគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ មានប្រសាសន៍ថា ភ្ញៀវទេសចរអន្ដរជាតិដែលចូលមករាជធានីភ្នំពេញ តាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងខែតុលា ឆ្នាំ២០១៣ មានចំនួន៨៦.៧៣៨នាក់ ក្នុង១៣៦ជាតិសាសន៍ ។ លោកបញ្ជាក់ថា តាមចំនួនភ្ញៀវទេសចរអន្ដរជាតិនោះ ធ្វើឱ្យមានកំណើនប្រមាណ១៣,៩២% បើប្រៀបធៀបនឹងខែកញ្ញាកន្លងទៅ ហើយភ្ញៀវទេសចរភាគច្រើនគឺមកសម្រាកកម្សាន្ដ និងទេសចរណ៍ធុរកិច្ចដែលមានរហូតដល់ទៅ៦៨.៤៩៥នាក់ ។
លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរដែលមកទស្សនា និងសម្រាកកម្សាន្ដនៅរាជធានីភ្នំពេញក្នុងខែតុលា គឺបានបែងចែកភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានវត្ដភ្នំមានចំនួន ៩.១៦៥នាក់ ចូលទស្សនាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯកចំនួន១៦.៣៦៩នាក់ រួមទាំងទស្សនារមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញមានចំនួន២៥.១៤៨ នាក់។
ទាក់ទងនឹងវិស័យទេសចរណ៍នេះដែរ លោកប្រធានមន្ទីរបានលើកបង្ហាញនូវតួលេខស្ថិតិមូលដ្ឋានអាជីវកម្ម ទេសចរណ៍ដែលមានសរុបទាំងអស់២.៣២២មូលដ្ឋាន ក្នុងនោះមានអាជ្ញាប័ណ្ណទេសចរណ៍ចំនួន១.៦៧០មូលដ្ឋាន ខណៈដែលកាណូតទេសចរណ៍មានចំនួន៩៦គ្រឿង និងរថយន្ដទេសចរណ៍មានចំនួន២៣គ្រឿង ។
លោក តាំង សុចិត្ដគ្រឹស្នា បានឱ្យដឹងផងដែរថា បច្ចុប្បន្ន មន្ដ្រីជំនាញរបស់មន្ទីរបាននិងកំពុងសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ដើម្បីរៀបចំតំបន់ទេសចរណ៍ថ្មើរជើងនៅមុខប៉ុស្ដិ៍ ប្រៃសណីយ៍ និងមាត់ទន្លេ។
យ៉ាងណាក៏ដោយ លោកអះអាងថា បច្ចុប្បន្ននេះការិយាល័យទេសចរណ៍ទាំង៩ខណ្ឌក្នុងរាជធានីភ្នំពេញ កំពុងចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មដែលមានច្បាប់ និងគ្មានច្បាប់ រួមទាំងអាជ្ញាប័ណ្ណជិតហួសសុពលភាព ។ ដោយឡែក ក្នុងខែតុលាកន្លងទៅ មន្ទីរទេសចរណ៍បានផ្ដល់អាជ្ញាប័ណ្ណជូនអាជីវកម្មទេសចរណ៍បានចំនួន៣៧ មូលដ្ឋាន។ ដើម្បីងាស្រួសក្នុងការគ្រប់គ្រងផ្នែកអាជីវកម្ម ក៏ដូចជាងារស្រួលក្នុងការកំណត់តំម្លៃដល់ដូរដល់ភ្ញៀវទេសចរណ៍កុំអោយលើសតំម្លៃទៀតផង៕