កំពត៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម និងឃោឃៅបំផុត ខណៈដែលត្រូវសាច់ញាតិប្រទះឃើញស្លាប់ ដោយការកាត់ក្បាលដាច់ចេញពីដងខ្លួន ក្រោយចេញពីផ្ទះទៅរាយសន្ទួចក្នុងស្រែ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
សាច់ញាតិ បានរៀបរាប់ថា រយៈពេលប្រហែលកន្លះខែមកហើយ ជនរងគ្រោះ ឈ្មោះ យុង ហាន អាយុ ៤៨ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ តែងទៅរាយសន្ទូចនៅចំណុចកើតហេតុនោះ។ ជាទម្លាប់ គាត់ចេញទៅនៅពេលព្រលប់ ហើយត្រឡប់ចូលផ្ទះវិញនៅម៉ោងប្រមាណ ៨យប់ ជាទៀងទាត់។ យប់មិញនេះ ព្រោះតែបាត់យូរ រហូតដល់ម៉ោងប្រហែល ១០ យប់ ក្រុមគ្រួសារបានតាមរក ហើយក៏ប្រទះឃើញជនរងគ្រោះស្លាប់ទៅហើយ ដែលស្ថានភាពសព ត្រូវគេកាប់ដាច់ក្បាល បាត់តែម្តង។
លោក ប៊ុត សុខមន្នី អធិការស្រុកកំពង់ត្រាច បញ្ជាក់ថា នៅព្រឹកថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៣នេះ សមត្ថកិច្ច
មិនទាន់មានការសន្និដ្ឋាន នៃឃាតកម្មនេះនៅឡើយទេ ដោយកំពុងដំណើរការស្រាវជ្រាវ ដែលសពនោះ ត្រូវគេកាប់ ក ដាច់ចេញពីដងខ្លួន និងមិនទាន់រកឃើញក្បាលផង ទោះជាយ៉ាងណាសមត្ថកិច្ចនឹងប្រឹងប្រែងដើម្បីវែកមុខឃាតកមកផ្តន្ទាទោសឲ្យទាល់តែបាន៕