ក្រចេះ ៖ ភ្លើងស្នេហាក្តៅរោលរាលពេញខ្លួនបណ្តាលអោយយុវជនវ័យ២៥ឆ្នាំម្នាក់ ជា ជាងកាត់សក់ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅក្នុងផ្ទះ ហើយចំពោះការធ្វើអត្តឃាតនេះ ត្រូវបានក្រុមគ្រួសារសន្និដ្ឋានថា ប្រហែលរូបគេមានវិបត្តិស្នេហា ព្រោះសង្សារត្រូវរៀបការជាមួយនឹងបុរសផ្សេងចោលរូបគេ។
យុវជនដែលបរាជ័យនឹងស្នេហារូបនេះឈ្មោះ លីន លីណា មានទីលំនៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ យុវជនរូបនេះត្រូវក្រុមគ្រួសារប្រទះឃើញចង.កសម្លាប់ខ្លួនដោយ ប្រើកន្សែងនៅក្នុងផ្ទះតៀម កាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ វិច្ឆិកា ខណៈដែលគេស្នាក់នៅក្នុងផ្ទះនេះតែម្នាក់ឯង ។
បើតាមក្រុមគ្រួសារ និងមន្ត្រីអាជ្ញាធរនិយាយថា លីណា ខូចចិត្តបន្ទាប់ពីគូសង្សាររបស់គេដែលធ្លាប់ស្រលាញ់គ្នាជាច្រើន ឆ្នាំមកហើយនោះ សម្រេចចិត្តរៀបការជាមួយបុរសផ្សេង កាលពីអំឡុងជាង១ខែមុន
មន្ត្រីសមត្ថកិច្ចនិយាយថា ដោយសារតែវិបត្តិផ្លូវចិត្តរឿងស្នេហានេះ កន្លងមកយុវជនរូបនេះធ្លាប់បានលេបថ្នាំពុលសម្លាប់ខ្លួនម្តងរួច មកហើយ តែត្រូវអ្នកភូមិ និងសាច់ញាតិជួយសង្គ្រោះទាន់ ។
នាយប៉ុស្តិ៍រដ្ឋបាលកំពង់គរ លោកអនុសេនីយ៍ទោ កោ សុខជឿន បានឱ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុ បន្ទាប់ពីអ្នកក្បែរខាង និងសាច់ញាតិមានការសង្ស័យដោយមិនឃើញគេចេញពីផ្ទះ ហើយទូរស័ព្ទហៅចូលមិនមានអ្នកទទួល ទើបស្ត្រីជាម្តាយមីងទៅបើកបង្អួចមើលក៏ឃើញយុវជនខូចចិត្តនេះចង .កសម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះ ។
ការស្លាប់របស់យុវជនរូបនេះ ពិតជាបណ្តាលមកពីការចង.កសម្លាប់ខ្លួនប្រាកដមែន គឺមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ៕