ភ្នំពេញ៖ នារី៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងខណៈពេលដែលពួកគេជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ឌុបគ្នាតាមបណ្តោយផ្លូវព្រះសីហនុ ខណៈមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីស RX300 ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរម្នាក់ បានទាញចង្កូតបត់ខាងឆ្វេងដៃ កែងផ្លូវ១០៥ ដោយមិនបានចុចភ្លើងស៊ីញ៉ូ ដើម្បីជាសញ្ញា បណ្តាលឲ្យនារី៣នាក់ដែលកំពុងជិះម៉ូតូក្នុងល្បឿនលឿនផងនោះ ជ្រុលបុកពេញទំហឹងតែម្តង នៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា កាលពីវេលាម៉ោង ២២ និង៤០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣។
បើតាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AL-6210 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចមកកើត។ ដោយឡែករថយន្ត ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-8037 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតមកលិច ខណៈបើកមកដល់ចំណុចផ្លូវកែងលេខ១០៥ រថយន្តបានទាញចង្កូតបត់ខាងឆ្វេងដៃដោយមិនបានចុចភ្លើងស៊ីញ៉ូ ដើម្បីជាសញ្ញាឡើយ ទើបបណ្តាលឲ្យនារីរងគ្រោះទាំងបីនាក់ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនផងនោះ បានជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីសពេញទំហឹងតែម្តង ដែលក្នុងហេតុការណ៍នេះ បណ្តាលឲ្យនារីម្នាក់ក្នុងចំណោមពួកគេទាំង៣នាក់រងរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល។ ចំណែករថយន្តនិងម៉ូតូរងការខូចទាំងស្រុង។ដោយឡែកសមត្ថកិច្ចក៏នៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ដោយសារពួកគេត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូនិង រថយន្តសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរបានចុះមកវាស់វែង អន្តរាគមន៍ដកហូតយកទៅ រក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌ៧មករា រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ យ៉ាងណាមិញ សមត្ថកិច្ចក៏បានបញ្ចាក់ថា គ្រោះថ្នាក់នេះ គឺបង្កឡើងដោយសារបុរសជនជាតិចិនទាំង២នាក់ ដែលជិះក្នុងរថយន្តឡិចស៊ីសនោះ បត់ឆ្វេងមិនបានចុចភ្លើងស៊ីញ៉ូ ទើបបណ្តាលឲ្យនារីរងគ្រោះជ្រុល ល្បឿនទៅបុករថយន្តរងរបួសធ្ងន់និងស្រាលបែបនេះតែម្តងទៅ៕