កណ្តាល៖ កាលពីម៉ោង ៣រសៀល ថ្ងៃទី ២០ វិច្ឆិកា ។ នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ម្នាក់ឈ្មោះ ព្រឹម សោភ័ណ្ឌ អាយុ៤០ឆ្នាំ អាងខ្លួនមានអំណាច និងអាវុធខ្លី ចុះពីរថយន្ត វាយជនរងគ្រោះបែកគុម្ពថ្គាមខាងស្តាំ និងកញ្ចឹងកខាងក្រោយ គ្រាន់តែរឿងជិះកង់កាត់មុខរថយន្ត នៅ
បណ្តោយផ្លូវជាតិលេខ ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ នៅ សុវណ្ណ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរលក់ដូរ នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះរថយន្តម៉ាក RX-300 ពាក់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-7656 ទៅខេត្តកំពង់ស្ពឺ (កន្លែងធ្វើការ) លុះដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះជិះកង់កាត់មុខ ធ្វើអោយជនសង្ស័យជាន់ហ្រាំង និងរេចង្កូត តែមិនមានគ្រោះថ្នាក់អ្វីនោះទេ តែបែរជាជនសង្ស័យបករថយន្ត មកវាយជនរងគ្រោះដោយដៃកាន់អាវុធទៀតផង ៕ ដាំ ជា