ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលដែលពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ តាមបណ្តោយផ្លូវជាតិលេខ២ ក៏ត្រូវរថយន្តសាំយ៉ុង១២កៅអីមួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ និងអ្នកបើកបរខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារក្រោយកើតហេតុភ្លាមៗ ពួកគេត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុហើយភ្លាមៗ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានសង្កេតឃើញ រថយន្តបង្កហេតុម៉ាក សាំយ៉ុង១២កៅអីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2A-1219 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។ ដោយឡែកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-2895 ធ្វើដំណើរក្នុងទិសដៅ បញ្ច្រាសទិសគ្នាពីជើងទៅត្បូង ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ រថយន្តសាំយ៉ុង បានបើកវ៉ារថយន្តផ្សេងមួយគ្រឿងទៀតដែលនៅខាងមុខ ជាហេតុធ្វើឲ្យរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុកម៉ូតូសេ១២៥ពេញទំហឹង បណ្តាលប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ ត្រូវរថយន្ត សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុភ្លាមៗ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ភ្លាមៗ ចំណែកម៉ូតូនិងរថយន្តត្រូវ សមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរចុះមកអន្តរាគមន៍ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ គឺបង្កឡើងដោយសារអ្នកបើកបររថយន្តបង្កធ្វើដំណើរ ក្នុងល្បឿនលឿន ហើយបើកវ៉ារថយន្តនៅខាងមុខខ្លួន មិនប្រយ័ត្នក៏បណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះ តែម្តងទៅ៕
» ព័ត៌មានជាតិ » រថយន្តតូរីស១២កៅអី បើកវ៉ារថយន្តផ្សេង ជ្រុលបុកម៉ូតូសេ១២៥ របួសធ្ងន់២នាក់