ភ្នំពេញ ៖ស្នូរផ្ទុះអាវុធ ២គ្រាប់ផ្ទួនៗគ្នានៅ កណ្តាលរាត្រី ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចេញ ពីក្នុងផ្ទះមកមើលក៏ឃើញ យុវជនម្នាក់ កំពុងដេកនៅលើដី ដោយក្បាលមាន រងរបួសធ្ងន់ធ្ងរនៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីវេលាម៉ោង ១២យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ប្រភពព័ត៌មាននៅ កន្លែងកើតហេតុបាននិយាយថា ទំនងជាជនរងគ្រោះមានទំនាស់ជាមួយ ក្រុមក្មេងស្ទាវ កន្លែងផឹកស៊ី នៅហាងណាមួយក្បែរៗកន្លែងកើតហេតុ ទើបបណ្តាលឲ្យមាន ក្មេងស្ទាវមួយក្រុមមានគ្នា ៤នាក់ជិះម៉ូតូស៊េរីទំនើប ២គ្រឿង ប្រដាប់ដោយកាំភ្លើង ដេញវាយ និងបាញ់យុវជនរងគ្រោះយ៉ាងប្រសាចពេញផ្លូវ បែបនេះ គេ
និយាយថា ដោយក្រុមក្មេងស្ទាវបានចុះវាយក្បាលជនរងគ្រោះ មួយស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួនសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុហើយបាញ់២គ្រាប់បង្អួតសមត្ថកិច្ចថែមទៀតផង។
សមត្ថកិច្ច បានឲ្យដឹងថាយុវជន ដែលត្រូវគេវាយឲ្យបែកក្បាល រងរបួសនេះមានឈ្មោះ អូន ប៊ុនណាត អាយុ១៩ឆ្នាំ មុខរបរជាព្រូរថយន្តស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមាន ស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋជិតខាងជុំវិញកន្លែងកើតហេតុ បាននាំគ្នាមកចោមរោមមើល និងបានរាយការណ៍ ទៅនគរបាលមូលដ្ឋានឲ្យចុះមកពិនិត្យត្រង់ចំណុចកើតហេតុ ដើម្បីចង់ដឹងពីមូលហេតុ ច្បាស់លាស់។ ហើយសមត្ថកិច្ចបាន ចុះដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយមកដឹកយក ជនរងគ្រោះ
ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី ។សមត្ថកិច្ចបានសាកសួរ ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ ដោយទទួលបានដំណឹងថាមុនពេលឮ ស្នូរផ្ទុះអាវុធ គឺ យុវជនឈ្មោះ អូន ប៊ុនណាត ខាងលើបានរត់យ៉ាងលឿន តាមបណ្តោយផ្លូវបេតុង និងបានស្រែកឲ្យបងប្អូន ប្រជាពលរដ្ឋជួយរូបគេព្រោះក្រុមក្មេងស្ទាវ ៤ នាក់កំពុងជិះម៉ូតូ ២គ្រឿងដេញវាយ ហើយរត់បានជាង១០០ម៉ែត្រ ស្រាប់តែឃើញ យុវជនរងគ្រោះដួលសន្លប់នៅ ក្នុងថ្លុកឈាម និងឮសំឡេងផ្ទុះអាវុធ ចំនួន ២គ្រាប់ចេញពីកន្លែងកើតហេតុ។
ជុំវិញករណីផ្ទុះអាវុធនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ ពាក់ព័ន្ធទៅនឹង ករណីអ្វី មួយ ឲ្យច្បាស់នោះទេ ប៉ុន្តែជំហានដំបូងដែលសមត្ថកិច្ចសង្ស័យនោះ ទំនងជនរងគ្រោះទាស់ពាក្យសម្តីជាមួយក្រុមក្មេងស្ទាវ ទើបក្រុមក្មេងស្ទាវដេញវាយ និងដកកាំភ្លើងបាញ់គំរាមបែបនេះ។ នេះសំណាងហើយដែលពួកគេមិនបាញ់សម្លាប់នោះ៕