រតនគិរី ៖ សមត្ថកិច្ចខេត្តរតនគិរី រួមមានប៉ូលិសសេដ្ឋកិច្ច សហការជាមួយមន្ត្រីកងរាជអាវុធហត្ថ ព័ទ្ធចាប់បានរថយន្តឡង់គ្រីស័រមួយគ្រឿងដែលដឹកពេញដោយឈើប្រណិត ប្រភេទធ្នង់ បម្រុងឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម។
ការឃាត់ចាប់រថយន្តដឹកឈើប្រណីតនេះ បានធ្វើឡើងនៅចំណុចភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ខណៈរថយន្តដឹកឈើប្រភេទឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2C-3244 នេះ កំពុងតែបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៧៨A ឆ្ពោះទៅកាន់ច្រកព្រំដែនអូរយ៉ាដាវ។
ភ្លាមៗបន្ទាប់ពីឃាត់ចាប់រថយន្តនេះបាន ម្ចាស់រថយន្តបានរត់គេចខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេបានស្គាល់ម្ចាស់ឈើប្រណីតនេះហើយថា មានឈ្មោះ ខាំ ហ៊ុងភីង ហៅ រ៉ូទី ចំណែកម្ចាស់រថយន្តឈ្មោះ ខុម ប៊ុនសៅ ជាអ្នករកស៊ីឈើជាមួយគ្នា។
បើតាមសមត្ថកិច្ច ឈើប្រណីតដែលក្រុមឈ្មួញដឹកតាមរថយន្តឡង់គ្រីស័រនោះ គឺជាឈើប្រភេទធ្នង់ មានចំនួន៥២ដុំ ស្មើរនឹងជាង១ម៉ែត្រគូប។ សមត្ថកិច្ចបានប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕