បាត់ដំបង៖ ព្រះសង្ឃមួយអង្គត្រូវសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចាប់ផ្សឹកដើម្បីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោយពីសង្ស័យថាបានណាត់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ឱ្យមកលេងនៅកុដិរួចប្រលោមស្នេហ៍ឱបនាងយ៉ាងស្អិតរមួតក្នុងអារម្មណ៍ពុះកញ្ជ្រោលដោយកាមគុណ នៅក្នុងវត្តប្រាសាទហៅវត្តបាសែត ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុក
សង្កែ ។
មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឱ្យដឹងថា ព្រះសង្ឃដែលបំពានធម៌វិន័យនោះ មានព្រះនាម វណ្ណា ដាវីត ព្រះជន្ម២៧ឆ្នាំ បួសនៅវត្តខាងលើរីឯដើមបណ្តឹងជាក្មេងស្រីអាយុ១៣ឆ្នាំ ។ ព្រះសង្ឃអង្គនេះត្រូវសមត្ថកិច្ច និងអាជ្ញាធរឃាត់ព្រះកាយភ្លាមៗក្រោយពីមានបណ្តឹងចោទប្រកាន់ថាបានចាប់ឱបថើបក្មេងស្រីនោះ
នៅក្នុងកុដិហើយក៏បានផ្សឹកភ្លាមៗដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។តាមការស្រង់សម្តីក្មេងស្រីរងគ្រោះនិយាយថា ព្រះសង្ឃ ដាវីតបានទូរស័ព្ទហៅនាងទៅលេងនៅកុដិទាំងព្រលឹមក្រោយពីស្គាល់គ្នាបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ លុះពេលនាងទៅដល់ចូលក្នុងកុដិ ស្រាប់តែសង្ឃកំហូចល្បួងសុំស្នេហ៍នាងនិងចាប់ឱបថើបច្របាច់ដើមទ្រូងនាងគ្មាន
ប្រណីដៃតែម្តងបើទោះបីជានាងប្រឹងរើបម្រះ ក៏មិនរួចដែរ ទើបនាងប្តឹងតែម្តង។ ជុំវិញការចោទប្រកាន់នេះ ព្រះសង្ឃ វណ្ណា ដាវីត សារភាពថាអាត្មាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់នាងមែនតែនាងក៏ព្រមព្រៀងជាមួយអាត្មាតាំងពីទាក់ទងគ្នាតាមទូរស័ព្ទមុនពេលកើតហេតុមកម្ល៉េះ ។
ព្រះសង្ឃជើងល្អបានមានសង្ឃដីកាថានាងបានប្រាប់អាត្មាពេលសាសងស្នេហាតាមទូរស័ព្ទថានាងមានអាយុ១៥ឆ្នាំហើយ អាត្មាប្រាប់នាងវិញថា «មិនអីទេបងអាចដណ្តឹងអូនទុកសិន លុះបងបួសបានបំពេញភិក្ខុបងនឹងសឹករៀបការ ជាមួយអូន» ។ តាមរយៈការសាសងតាមទូរស័ព្ទ នាងក៏អះអាងថានាងស្រឡាញ់អាត្មាដែរ លុះព្រឹកឡើង
ពេលនាងមកជួបដល់ក្នុងកុដិអាត្មាក៏បានឱបថើបនាងប្រហែលកន្លះម៉ោង ទើបនាងត្រឡប់ទៅផ្ទះវិញតែនាងមិនបានប្រកែកទេ ។ ប៉ុន្តែ បន្តិចក្រោយមកស្រាប់តែសមត្ថកិច្ចមកចាប់អាត្មាតែម្តង ពេលនោះទើបដឹងថាចាញ់បោកនាង ។ ជុំវិញករណីនេះមិនមានសាក្សីណាបានចូលរួមបំភ្លឺទេប៉ុន្តែអ្នកភូមិភាគច្រើនបានស្តីបន្ទោសថា បញ្ហានេះគឺ
ភាគីទាំង២មានកំហុសដូចគ្នា «បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ» ប៉ុន្តែព្រះសង្ឃធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ក្នុងនាមជាអ្នកបួស មិនត្រូវទៅប្រព្រឹត្តអំពើថោកទាបយ៉ាងដូច្នេះទេ។
ទោះបីជាបែបណាមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ
អនីតិជនបញ្ជាក់ថា ព្រះសង្ឃប្រព្រឹត្តខាងលើនេះ អាចនឹងត្រូវជាប់ចោទពីបទ «ប្រទូស្តកេរខ្មាស» ក្រោយពីចាប់ផ្សឹក៕ ខៀវ បុរី
» ព័ត៌មានជាតិ » ព្រះសង្ឃលង់ស្នេហ៍ ចាប់ឱបថើបស្រីលើកុដិ