បាត់ដំបង៖ កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន សហការជាមួយ កម្លាំងជំនាញ អាវុធហត្ថខេត្តបាន ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងរឹបអូស ថ្នាំញៀន យ៉ាម៉ា ចំនួន៤០០គ្រាប់កាលពី វេលាម៉ោង១២និង០៥នាទី រំលងអាធ្រាត្រ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣នៅចំណុច ផ្ទះសំណាក់បាយ័ន ភូមិគីឡូរម៉ែត្រ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈជនសង្ស័យ កំពុងរាប់ថ្នាំញៀន ក្នុងបន្ទប់ផ្ទះសំណាក់ នាំយកមកសាកសួរ រួចកសាង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ និងវត្ថុតាងទៅតុលាកាខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ។
លោក អាញ់ កាម៉ាល់ មេបញ្ជាការរង អាវុធហត្ថ ស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ ឆ្លាម ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិបឹងបេង ឃុំអូរល្វា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងរឹបអូសបានថ្នាំញៀន ចំនួន៤០០គ្រាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់បាយ័ន ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈពេលជនសង្ស័យយកថ្នាំញៀន មកលក់ឲ្យម៉ូយ។
ក្រោយពីការឃាត់ខ្លួន ហើយ កម្លាំងការិយាល័យ ជំនាញអាវុធហត្ថខេត្ត បានចាប់បញ្ជូនមកទីបញ្ជាការ អាវុធហត្ថខេត្តភ្លាមៗ ដើម្បីសួរចម្លើយ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនេះ ពីគេនៅស្រុកម៉ាឡៃ ក្នុងតម្លៃ១គ្រាប់៨២បាត ប្រាក់ថៃ និងលក់ចេញវិញ ក្នុងតម្លៃ៨៥បាត ដោយខ្លួនបានកក់លុយ មុនចំនួន ២៨.០០០បាត នៅខ្វះ៤.៨០០បាតទៀត ដល់ពេលលក់បានទើបសងគេវិញ តែមិនបានលក់ផងក៏ ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
លោក ហេង សេងហុង នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា យោងតាមបទល្មើសជាក់ស្តែង ដែលជនសង្ស័យបានកាន់ និងរក្សាទុក និងជួញដូរខុសច្បាប់ លោកមេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជារឲ្យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ និងវត្ថុតាងទៅតុលាកាខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ សហការី