ស្ទឹងត្រែង ៖ ជនសង្ស័យ៤នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា ២០១៣ ពាក់ព័ន្ធពីបទជម្រិតទារប្រាក់៥ម៉ឺនដុល្លារពីក្រុមគ្រួសារជន រងគ្រោះ បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរនៅទីបញ្ជាការកងរាជ អាវុធហត្ថខេត្តនៅឡើយ ប៉ុន្តែមានជនសង្ស័យម្នាក់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថជំនាញ បង្ហើបថា នឹងអាចសុំគោលការណ៍ដោះលែងវិញដោយពុំមានការពាក់ព័ន្ធ ។
ឧក្រិដ្ឋជនទាំង៤នាក់នេះឈ្មោះសន សុវណ្ណ ហៅប្រុស អាយុ៣០ឆ្នាំ, ឈ្មោះអ៊ឹម ចរិយា ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាប្រពន្ធនឹងគ្នា ហើយធ្លាប់ជាប់ពន្ធនាគារម្តងនៅខេត្តរតនគិរី ពាក់ព័ន្ធគ្រឿងញៀន មានទីលំនៅក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ។ ឈ្មោះឆាយ លាងហេង អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភមិស្រះព្រីង ឃុំស្វាយពក ស្រុកបាធាយ ខេត្តកំពង់ចាម និងឈ្មោះប៉ា ដូរ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅក្នុងក្រុងស្ទឹងត្រែង ។
ជនរងគ្រោះដែលត្រូវគេចាប់ជម្រិតឈ្មោះកោះ ចាន់រស្មី ភេទប្រុស អាយុ៨ឆ្នាំ រៀននៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ។ ឪពុកឈ្មោះកោះ សុខ អាយុ៥២ឆ្នាំ ជាអ្នកធ្វើស្រែចម្ការ និងម្តាយឈ្មោះច្រាញ់ នឿន អាយុ៤៣ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា
គ្រួសារខ្លួន និងក្រុមជនសង្ស័យត្រូវជាសាច់ញាតិជាមួយគ្នា ៕ ឡុង កាន់សំនៀង