កំពង់ឆ្នាំង ៖ អាវុធគ្រប់ប្រភេទជាច្រើនដើមត្រូវប្រជាពលរដ្ឋប្រទះឃើញនៅនៅលើភ្នំ ឆ្ងាយមួយក្នុងភូមិសាស្ត្រស្រុកទឹកផុស ដែលពួកគាត់ប្រកបមុខរបកាប់ឈើក៏រាយការណ៍ជូនលោកអភិបាលស្រុកទឹកផុស និងបន្តជូនលោកអភិបាលខេត្ត ហើយក៏ចាត់បញ្ជាមន្ត្រីប៉ូលិសទៅរុករកឃើញ ដូចការប្រាប់របស់ប្រជាពលរដ្ឋមែន កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៣ ។
ក្រោយមកលោកបានជូនដំណឹងនេះទៅលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ហើយក៏ឱ្យកម្លាំងប៉ូលិស និងប្រជាពលរដ្ឋជូនទៅទីតាំងកាំភ្លើងទាំងនោះ ដោយចំណាយពេល២ថ្ងៃទើបប្រទះឃើញ ។ នៅម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១៤ វិច្ឆិកា ក្រុមសមត្ថកិច្ចបានទូរស័ព្ទប្រាប់ថា រកឃើញហើយ គឺនៅឆ្ងាយខ្លាំងណាស់ គ្មានសេវាទូរស័ព្ទទេ ទម្រាំរកកន្លែងមានសេវាបានទើបទូរស័ព្ទប្រាប់ ។
ប្រភពដដែលបន្តថា តាមសេចក្តីរាយការណ៍ពីលោកអធិការស្រុក កាំភ្លើងដែលរកឃើញនោះ មានច្រើនដើមណាស់ គ្រាន់តែប្រមូលយកផ្នែកខាងលើមានចំនួនជាង១០០ដើម ក្នុងនោះមានកាំភ្លើង AK, CKC, B40 និង RPD ជាដើម ។ ប៉ុន្តែនៅសល់ជាច្រើនរយដើមទៀតដែលពុំទាន់យកចេញបាន ព្រោះនៅកប់ខាងក្រោមច្រើនស្រទាប់ទៀត ។ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា ក្រោយពីទទួលព័ត៌មាននោះ លោកចាត់ឱ្យមន្ត្រីប៉ូលិសខេត្ត-ស្រុក និងមន្ត្រីប៉ូលិសជំនាញអាវុធជាតិផ្ទុះ ជិត២០នាក់ ទៅកាន់ទីតាំងអាវុធនោះ ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស ជាតំបន់ជួរភ្នំដោះក្រមុំ ។ ក្រុមមន្ត្រីប៉ូលិសទាំងនោះ ដើរ១យប់២ថ្ងៃទើបទៅដល់ ព្រោះភូមិសាស្ត្រមានការលំបាកខ្លាំងណាស់ ឡើងភ្នំចុះភ្នំជាច្រើនស្រទាប់ ។ លោកស្នងការបញ្ជាក់ថា អាវុធទាំងនោះខូចគុណភាពស្ទើរទាំងស្រុងទៅហើយ មិនដឹងបន្សល់ទុកតាំងពីសម័យណាទេ ប៉ុន្តែពេលនេះបានផ្អាកកាយយកជាបណ្តោះអាសន្នសិន ព្រោះក្នុងនោះមានសល់គ្រាប់ច្រើន ៕