បាត់ដំបង ៖ បុរសម្នាក់ឡើងកាប់មែកច័ន្ទគិរី(អំពិលបារាំង)ដើម្បីកុំឲ្យត្រូវខ្យល់បក់កកិតផ្ទុះស្សេនោះ ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកាប់មែកធ្លាក់មកទើរ លើខ្សែភ្លើងយកដៃទៅទាញក៏បណ្តាលអោយឆក់។ កាលពីវេលាម៉ាង៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧B ស្ថិតក្នុងភូមិកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ម្ចាស់អគ្គិសនីស្រុកបវេល លោក ឃុន សេងប៊ុនហាក់ បានប្រាប់សមត្ថកិច្ចថា ដោយមែកឈើតាមដងផ្លូវ ទាក់ខ្សែភ្លើង ភ័យខ្លាចពេលមានខ្យល់បក់ កកិតដាច់ធ្លាក់ និងផ្ទុះស្សេបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ខាងក្រុមហ៊ុនបានប្រើកម្មករឲ្យទៅកាប់ ហើយពេលកាប់មែកដើមច័ន្ទគិរី(អំពិលបារាំង)បាន៨មែកធ្លាក់ទើរ លើខ្សែភ្លើងជនរងគ្រោះបានលូកដៃទាញយកចេញក៏ឆ្លងចរន្តឆក់ស្លាប់ភ្លាម ៗនៅកន្លែងកើតហេតុ ។
លោក អឿម ទិត្យ អធិការស្រុកបវេលបានឲ្យដឹងថា ជនរង គ្រោះ មានឈ្មោះ ស៊ុំ ចិត្រា អាយុ១៨ឆ្នាំ ជាកម្មករអគ្គិសនី ស្រុកបវេល មានទីលំនៅភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យសាកសព សមត្ថកិច្ចបានធ្វើលិខិតប្រគល់ជូនដល់តំណាងក្រុមហ៊ុនអគ្គិសនី ដើម្បីធ្វើការដោះស្រាយ៕