ភ្នំពេញ: ជនដៃដល់ពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីនៃការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ និងកម្មកររោងចក្រអេសអិល នៅមុខវត្តស្ទឹងមានជ័យ កាលពីម្សិលមិញនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចូនទៅតុលាការ នៅពេលឆាប់នេះ ពីបទបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបង្ករបួសស្នាម។
លោក ជួន ណារិន ស្នងការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៣៨ នាក់ ក្នុងនោះ មានព្រះសង្ឃ ៧ អង្គ។ បន្ទាប់ពីធ្វើការជាមួយមន្ត្រីមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សមត្ថកិច្ច បានដោះលែងព្រះសង្ឃ ៧ អង្គនោះ ទៅវិញហើយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ សកម្មភាពបទល្មើសរបស់ព្រះសង្ឈទាំង ៧អង្គនោះ មានហើយ តែសមត្ថកិច្ចមិនអនុវត្តទៅតាមផ្លូវច្បាប់ទេ ទុកឲ្យអនុវត្តតាមផ្លូវព្រះពុទ្ធសាសនា។ ចំពោះអ្នកនៅសល់ចំនួន ៣១ នាក់ទៀត ជាជនឆ្លៀតឱកាសចំនួន ៣០ នាក់ ឯកម្មកររោងចក្រ អេសអិល មានម្នាក់ ហើយក្នុងចំណោមនោះ នៅមានជនដៃដល់ ២ នាក់ (ក្នុងចំណោម៣០នាក់)។ ពួកគេទាំងនោះ មិនមែនជាបាតុករទេ។ នៅពេលឆាប់ៗនេះ សមត្ថកិច្ច បានកសាងឯកសារ បញ្ជូនទៅកាន់តុលាការ ចោទប្រកាន់តាមច្បាប់ ពីបទប្រើអំពើហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ និងបទបង្ករបួសស្នាម។
សៀលថ្ថ្ងៃទី១៣ ខែវិច្ឆិកានេះ សមត្ថកិច្ច នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីបង្ហាញជនដៃដល់ពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីនៃការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ និងកម្មកររោងចក្រអេសអិល នៅមុខវត្តស្ទឹងមានជ័យ កាលពីម្សិលមិញនេះ ៕