ភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយយកទូរស័ព្ទដៃបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចត្រូវប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូស្ទាក់ឃាត់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ម្នាក់ទៀតបានរត់គេចបាត់ស្រមោល។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យលើខាងលើ កាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ មុខផ្ទះលេខ៦៤ ក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថូ ពេជ្រសុវ័ន្ដ អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ទូរស័ព្ទដៃដែលជនសង្ស័យយកទៅបាត់ម៉ាក សាមស៊ុង កាឡាក់ស៊ីណូត ពណ៌ស ។ ចំណែកជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឱ្យនគរបាលមាន ឈ្មោះ ប៊ូ លីណា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួមនឹងម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពាក់ស្លាកលេខភ្នំពេញ 1U-7485 ។
តាមសម្ដីជនរង គ្រោះឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេត្រូវបានម្ដាយឪពុកស្ដីបន្ទោស ។ ដោយខឹងក៏បានដើរលេងរហូតដល់ម៉ោង១០និង៣០នាទីយប់ទើបត្រឡប់មក ផ្ទះវិញគ្មានអ្នកបើកទ្វារឱ្យ ក៏ដេកនៅមុខផ្ទះរហូតដល់ម៉ោង៤និង៣០នាទី ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកសួរថា មានបានឃើញស្រីដើរកាត់ទីនេះទេ ។ រួបគេបានឆ្លើយថា មិនឃើញទេ។ ពេលឆ្លើយមិនទាន់ចប់ផង ជនសង្ស័យនិយាយថា ទូរស័ព្ទឯងមានលុយទេខ្ចីសិន ។ រូបគេនិយាយថា ទូរស័ព្ទអស់ថ្មហើយ ។ ពេលនោះជនសង្ស័យបានកញ្ឆក់ទូរស័ព្ទពីខ្លួនឡើងជិះម៉ូតូបម្រុង គេចខ្លួន ហើយខ្លួនបានស្រែកថាចោរក៏ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្ទាក់ចាប់បានម្នាក់ រួមនឹងម៉ូតូ១គ្រឿងភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរស័ព្ទ រត់គេចបាត់ ។
បន្ទាប់ពីឃាត់ ខ្លួនប្រគល់់់ឱ្យនគរបាលប៉ុស្ដិ៍សង្កាត់ទឹកថ្លា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕
» ព័ត៌មានជាតិ » ចោរប្លន់ទូរស័ព្ទបានសម្រេច តែចាប់បានបក្ខពួកម្នាក់