ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ច នគរបាល ប៉ុស្តិ៍ទួលស្វាយព្រៃទី២ ឃាត់ខ្លួន ខណៈដែល ពួកគេជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់ ដែលកំពុង ជិះម៉ូតូមួយស្កុបពី តាមដងផ្លូវ លេខ២៩០ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចព័ទ្ធចាប់បានភ្លាមៗ
តែម្តង នៅចំណុចភូមិ លេខ១០ ក្រុម៤៣ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
នាយនគរបាលប៉ុស្តិ៍ លោក កុយ ខាន់ណារិទ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលឆក់កាបូប ហើយត្រូវកម្លាំងល្បាតរបស់លោក ឃាត់បាននេះ ម្នាក់ឈ្មោះ សុ សល អាយុ២១ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ កង វីរីម ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅ ភូមិ-សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចយក ទៅទីស្នាក់ការ នគរបាលទួលស្វាយព្រៃទី២ ដើម្បីសួរនាំ និងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕