ព្រះសីហនុ ៖ ទារិកាម្នាក់អាយុទើបជាង២ខែបានរងគ្រោះដោយត្រូវឪពុកចាប់ជើង គ្រវែងទៅបោកផ្ទប់នឹងជញ្ជាំងផ្ទះបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ដោយសារតែឪពុកមានជម្លោះបន្តិចបន្តួចជាមួយម្តាយ ។ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងក្រុម៣ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ។
ប៉ូលិសស្រុកទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យដឹងថា ឪពុកបង្កើតកំរោលបួនជ្រុងនេះឈ្មោះ ជេង មាឃ ហៅចាន់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិល័ក្ខជា ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។ ជននេះបានចាប់ជើងកូនបង្កើតរបស់ខ្លួនដែលទើបមានអាយុ២ខែ១០ថ្ងៃ គ្រវាត់ទៅផ្ទប់នឹងជញ្ជាំងផ្ទះដែលធ្វើពីបេតុងបណ្តាលឱ្យស្លាប់ ភ្លាម ។ ស្ត្រីជាប្រពន្ធនិងត្រូវជាម្តាយទារិកាបានប្រាប់ប៉ូលិសថា រូបនាងនិងប្តីតិរច្ឆាននេះបានរៀបការកាលពីឆ្នាំ២០១២ ហើយបានកូនស្រីម្នាក់ គឺកូនស្រីដែលស្លាប់នេះឯង ។ នៅមុនពេលកើតហេតុ នាងនិងប្តីដេកនៅលើគ្រែជាមួយគ្នា រួមទាំងកូនស្រីផងដែរ ។ ពេលកំពុងសម្រាក នាងនិងប្តីបានទាស់ពាក្យសម្តីគ្នា តែមិនមានរឿងអ្វីធំដុំទេ គឺរឿងបោកខោអាវប៉ុណ្ណោះ ដែលមុនដំបូងនិយាយរកគ្នាដោយប្រើពាក្យបងអូនធម្មតា លុះបានបន្តិចក៏ស្តាប់គ្នាលែងបាន។ ដោយសារបែបនេះ នាងមានសម្តីធំតែមួយម៉ាត់ ស្រាប់តែប្តីនិយាយថា «ឈាមមួយដុំ បោះវាចោលទៅ» ហើយក៏ចាប់ជើងកូនស្រីដែលកំពុងដេកលក់គ្រវែងបោះទៅបោកផ្ទប់នឹង ជញ្ជាំងថ្ម និងមុតកណ្តៀវដែលភ្ជួរជាប់
ជញ្ជាំងស្លាប់តែម្តង ៕
» ព័ត៌មានជាតិ » ឪពុកតិរច្ឆានឈ្លោះជាមួយប្រពន្ធ ចាប់គ្រវែងកូនស្រីអាយុជាង2ខែផ្ទប់នឹងជញ្ចាំងផ្ទះស្លាប់