កំពង់ចាម៖ ក្នុងរដូវប្រមូលផល កសិផល និង កសិឧស្សាហកម្ម គេសង្កេតឃើញប្រជាកសិករមកពីគ្រប់ទិសទី បានដឹកដំឡូងមីតាមរថយន្តតូចធំ ព្រមទាំងជ័រកៅស៊ូស្អុយ តាមម៉ូតូនិងរថយន្តតូចៗរាប់រយគ្រឿងក្នុង១ថ្ងៃៗ ដើម្បីយកទៅលក់នៅព្រំដែនប្រទេសវៀតណាម នៅច្រកចាន់មូល ច្រកដូនរ័ត្ន និងច្រកដារ ហៅដូង៧ដើម ស្ថិតនៅស្រុក
មេមត់ ។ ប្រជាពលរដ្ឋរអ៊ូរទាំថា សមត្ថកិច្ចនៅតាមច្រក បានយកលុយពីរថយន្តដឹកដំឡូង១គ្រឿងក្នុងតម្លៃ៨ម៉ឺនរៀល និងម៉ូតូដឹកជ័រកៅស៊ូ ក្នុងម៉ូតូ១គ្រឿង ២៥.០០០ រៀលឯណោះ។ បុរសម្នាក់ឈ្មោះ ឡុង ឆាយ រស់នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី ៩ វិច្ឆិកា២០១៣ ថាៈ រូបគាត់បានប្រមូលជ័រកៅស៊ូស្អុយ
រហូតដល់ទៅស្រុកស្នួល ខេត្តក្រចេះ ដោយក្នុង១គីឡូក្រាម តម្លៃ៣.៧០០ រៀល ហើយដឹកតាមម៉ូតូយកមកលក់នៅខ្ទុំ ដីវៀតណាម ចូលតាមច្រកចាន់មូល ឃុំចាន់មូល ដោយលក់បាន១គីឡូក្រាម អាចកើនដល់ទៅជាង៤.០០០រៀល ។
លោក ឡុង ឆាយ បានប្រាប់បន្តថា ក្នុង១ជើងៗ គាត់អាចដឹកបានជាង២០០ គីឡូក្រាម ដែលត្រូវបានប្រមូលទិញពីតាមចំការកៅស៊ូរបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ចំពោះមូលហេតុដែលធ្វើឲ្យរូបគាត់សម្រេចដឹកមកលក់នៅព្រំដែននេះ ដោយសារតែមានក្រុមហ៊ុនក្នុងស្រុកទិញក្នុងតម្លៃប្រហែលនឹងគាត់ទិញដែរ ។គាត់ទើបតែរកទិញជ័រនេះ
បានប្រហែល១ខែប៉ុណ្ណោះ ជាមធ្យមអាចចំណេញបាន៣ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុង១ជើង សំរាប់យកទៅដោះស្រាយជីវភាពគ្រួសារ ។ បុរសបើកបររថយន្តដឹកដំឡូងមី១គ្រឿងចំណុះ៨តោន ចេញពីជីពឹម ឃុំទន្លូង ស្រុកមេមត់ ក៏បានប្រាប់ឲ្យដឹងដែរថា ដោយសារតែនៅតាមច្រកដារ សមត្ថកិច្ចនៅទីនោះយកថ្លៃពេក ទើបគាត់ដឹក
យកមកលក់នៅតាមច្រកចាន់មូលវិញ ទោះបីជាឆ្ងាយក៏ដោយ សមត្ថកិច្ចនៅបារ៉ាសទី១ គេយកតែ៣.០០០រៀល ប៉ុណ្ណោះ ។ បុរសឈ្មោះ មុន ផល្លី អាយុ ៣២ ឆ្នាំ នៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ដោយមានឌុបជ័រកៅស៊ូជាង២០០ គីឡូក្រាម បែកញើសហូរតក់ៗ ក្រោមកំដៅថ្ងៃបានប្រាប់ថា គាត់បានដើរប្រមូលទិញជ័រកៅស៊ូស្អុយពីប្រជាពលរដ្ឋជាច្រើនកន្លែង ក្នុងនោះ១គីឡូក្រាមតំលៃ៣.៥០០រៀល រួចហើយនៅរសៀលថ្ងៃទី០៩ វិច្ឆិកា គាត់បានឌុបចេញដើម្បីយកមកលក់នៅច្រកដូនរ័ត្ន មានចំងាយប្រហែល២៥ គីឡូម៉ែត្រពីផ្ទះ យកមកលក់នៅព្រំដែនវៀតណាម បាន១គីឡូក្រាម តំលៃ៣៩០០ រៀល ។ គាត់បន្តថា នៅពេលណាដែលជ័របានថ្លៃនោះ អាចចំណេញបាន១ជើង ៧ម៉ឺនរៀល ចំពោះមូលហេតុដែលដឹកមកលក់នៅព្រំដែន ដោយសារតែមានក្រុមហ៊ុននៅក្នុងស្រុកខ្មែរ គេដើរទិញតំលៃប្រហែលនឹងរូបគេទិញដែរ ជាតំលៃថោក ហេតុដូច្នេះហើយទើបដឹកមកលក់នៅព្រំដែន តែសំរាប់ដឹក១ជើងត្រូវបង់លុយឲ្យកុងត្រូលជជុះរហូតដល់ទៅ២៥.០០០ រៀលឯណោះ ។
ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រកស៊ីទិញដំឡូងមី បានប្រាប់ឲ្យដឹងដែរថា គាត់បានទិញដំឡូងមីចេញពីស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ ដឹកតាមរថយន្តប្រភេទកង់១០ លុះពេលចេញមក ត្រូវបង់ឲ្យជញ្ជីងថ្លឹងរថយន្តនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំចំនួន ០២កន្លែងទៀត ដោយ១កន្លែងៗត្រូវចំណាយចំនួន ៥ម៉ឺនរៀល និងបន្តមកដល់ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ឃុំជុប ស្រុកត្បូងឃ្មុំបង់ចំនួន ១០ ម៉ឺនរៀលថែមទៀត ។ លុះនៅរសៀលថ្ងៃទី ០៩ វិច្ឆិកា ២០១៣ គាត់បានបើកមកដល់ចូលច្រកដារស្រុកមេមត់ ត្រូវបានសមត្ថកិច្ចនៅច្រកនោះ ទារបង់លុយចំនួន ៨ ម៉ឺនរៀលទៀត ។ លោកបន្តថាជួនពេលខ្លះគាត់ចំណេញ និងពេលខ្លះទៀតត្រូវខាត ព្រោះដំឡូងស្រស់ទិញមក១គីឡូក្រាមតំលៃ ៣០០រៀល ពេលមកលក់បានតំលៃ៣៤០រៀល ឬត្រូវឈ្មួញវៀតណាមទំលាក់តំលៃខាតចូលដើមក៏មានដែរ ។ ចំណែកលោកនាយករដ្ឋបាលសាលាខេត្តវិញ បានប្រាប់ឲ្យដឹងដែរថា ចំពោះការនាំជ័រកៅស៊ូស្អុយចេញទៅប្រទេសវៀតណាម តាមម៉ូតូនិងរថយន្តតូចៗ ជាទង្វើខុសច្បាប់ ដែលសមត្ថកិច្ចត្រូវតែបង្ក្រាប ប៉ុន្តែត្រូវបាន លោក លន់ លឹមថៃ អភិបាលខេត្ត មានការយោគយល់មិនអនុញ្ញាតឲ្យចាប់នោះទេ ដោយគ្រាន់តែបង្វែរទិសនាំជ័រស្អុយមកចូលស្រុកវិញ ផលិតទៅជាជ័រកៅស៊ូក្រែប តាមបណ្តាក្រុមហ៊ុនជាមុនសិន ទើបអនុញ្ញាតឲ្យនាំចេញទៅប្រទេសវៀតណាម ។ នៅថ្ងៃទី ១២ វិច្ឆិកា ២០១៣ អាជ្ញាធរខេត្តនឹងកោះប្រជុំជាបន្ទាន់មួយ ដើម្បីរកដំណោះស្រាយ ដោយហៅក្រុមហ៊ុនជាង ៧០ ក្រុមហ៊ុន មកចូលរួមរកយុទ្ធវិធីឲ្យប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុន ទទួលបាននូវផលចំណេញ ជាជាងការនាំចេញជ័រកៅស៊ូស្អុយ ដោយខុសច្បាប់ និងថែមទាំងបង្កើតឲ្យមានចោរកម្មនោះថែមទៀត។ ម្យ៉ាងវិញទៀត ការនាំចេញដំឡូងមីទៅប្រទេសវៀតណាម ម្ចាស់ដំឡូងត្រូវតែមានលិខិតអនាម័យដោយបញ្ជាក់ពីដំឡូង មិនមានមេរោគ ទើបខាងភាគីវៀតណាមគេទិញ ហើយប្រជាកសិករនៅតាមព្រំដែន ដឹកកសិផលទៅលក់នោះមិនតម្រូវឲ្យបង់លុយទៅស្ថាប័នណាឡើយ ។ ជុំវិញករណីយកលុយពីរថយន្តដឹកដំឡូង១រថយន្តចំនួន៨ម៉ឺនរៀល កាសែតអរិយធម៌បានព្យាយាមសុំការបំភ្លឺពីលោក ផ្លង់ អោន ប្រធានច្រកដារ ហៅដូង៧ដើម តែពុំអាចទាក់ទងបាននោះទេ ។យោងតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍កន្លងមកថា ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ ឲ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជាពោលគឺ « រាល់ការដឹកអនុផលដំឡូងមីនេះ មិនអនុញ្ញាតឲ្យស្ថាប័នណាមួយយកលុយពីកសិករនោះទេ » ៕ ដោយ៖ ព្រហ្ម វិលៀម
» ព័ត៌មានជាតិ » សមត្ថកិច្ចនៅច្រកព្រំដែនប្រទេសវៀតណាម ជំរិតយកលុយពីកសិករ