ប៉ោយប៉ែត ៖ សារព័ត៌មានក្នុងស្រុកធ្លាប់បានធ្វើការ ផ្សព្វផ្សាយជាច្រើនលេខមក ហើយអំពីសង្វៀន ប្រជល់ មាន់ដ៏ល្បាញល្បីរបស់លោកហាក់ អេង ដែលជាមេកន្ទ្រាញម្ចាស់សង្វៀន មាន់ដ៏មានឥទ្ឋិពលប្រចាំ នៅតំបន់ជាយ ដែនភាគ ពាយ័ព្យនៃប្រទេសកម្ពុជា ដែលកំពុងតែផ្គើននឹងអនុសាសន៏ របស់សម្តេចតេជោ ពីព្រោះ គេអាងកាស៊ីណូ ធ្វើជាខ្នងបង្អែកដ៏រឹងមាំ គ្មានអ្នកណាបំបែកបាន។
បើតាមប្រភពព័ត័មានពីក្រុមអ្នកញៀននឹងល្បែងកីឡាបក្សី បានឲ្យដឹងថា សង្វៀនមាន់របស់ ហាក់អេង កំពុងតែល្បីល្បាញ់ខ្លាំងសម្បើមណាស់ ពីព្រោះមានអតិថិជន ស្ទើរតែគ្រប់ខេត្តក្រុង នាំគ្នាសំរុក ចូលមកលេងនៅសង្វៀននេះ រាល់ថ្ងៃហើយលេងសុទ្ឋតែដៃធំៗទៀតផង ការភ្នាល់មួយគូរៗយ៉ាងហោចណាស់ ក៏ចាប់ពី មួយម៉ឺនបាតឡើងទៅ បើគូរពិសេសវិញនោះ ដើមផាន់រហូត ដល់ទៅ០១ពាន់ ដុល្លារទៅមួយម៉ឺនដុល្លារឯណោះក្នុងមួយគូរៗ។
ប្រភពបានបន្តទៀតថា ការប្រជល់ម្តងៗក៏មានមន្ត្រីរាជការ មួយចំនួនចូល ទៅលេងនៅទី នោះដែរ។ក្រៅតែពីអ្នកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានអ្នកដែលមកពីខេត្តផ្សេងៗដូចជាបាត់តំបង សៀមរាប កំពង់ចាម ប៉ៃលិន ក្រុងភ្នំពេញ និងដែលមកពីជាយដែន វៀតណាមទៀតផង ។ល។ នាំគ្នា សំរុកចូលមកលេង នៅទីនោះ យ៉ាងភ្លូកទឹកភ្លូកដី ពីព្រោះតាអេង តែងតែអួតថាសង្វៀនមាន់ គាត់មានច្បាប់ sic។
លើសពីនេះទៅទៀតនោះ ក្នុងកម្មវិធីប្រជល់ម្តងៗ អ្នកចូលទស្សនា ត្រូវបង់លុយចំនួនប្រាំពាន់រៀល និងថ្លៃផ្ញើម៉ូតូពីរពាន់រៀល រថយន្តប្រាំពាន់រៀលទៀត។ កន្លងមកម្ចាស់សង្វៀនខាងលើក៌មាន ការលើក ទឹកចិត្តដល់អ្នកមកលេងល្បែងនៅ កន្លែងនោះផងដែរ ដោយមានរង្វាន់ដ៏ច្រើនសន្ឋឹក សន្ឋាប់ ដែលទឹក ប្រាក់រាប់ពាន់ដុល្លារ ដូចជាខ្សែរក្រវ៉ាត់មួយមានតំលៃជាងមួយ រយដុល្លារ នឹងម៉ូតូហុងដាសេ១២៥ ស៊េរីថ្មី ទៀតផង កាលពីរយៈពេលកន្លងទៅដើម្បី លើកទឹកចិត្ត ដល់អ្នកដែលឈ្នះបួនគូជាប់ៗគ្នា ។
ជុំវិញករណីខាងលើនេះ អរិយធម៌មិនអាចសំការបំភ្លឺពីម្ចាស់ សង្វៀនខាងលើបានទេ ប៉ុន្តែតាអេង តែងអួតថា សង្វៀនប្រជល់មាន់របស់គាត់មានច្បាប់។ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាប់បានជ្រាបថាមួយម៉ាត់ណា ក៏ហាក់អេងយកឈ្មោះកាស៊ីណូ មកគំរាមគេឯងដែរនោះ គាត់ក៏ បានបង្ហើយពាក្យថា បើអ្នកកាសែតណាចង់ ដឹងថាសង្វៀនមាន់គាត់ មានច្បាប់ឬអត់ឲ្យអ្នកកាសែត ទៅសួរ កាស៊ីណូ( ហ្គោឌិន ) ដោយខ្លួនឯងទៅនិងដឹងហើយ ។
រហូតមកដល់បច្ចុប្បន្ននេះ លោក កុកម៉ីន ដែលជាខ្សែរស្រឡាយ របស់លោក ឧញ៉ា កុកអាន ដ៏មានអំណាច ត្រូវគេដឹងថាជាអ្នកចេញមុខកាងល្បែងអប្រិយខាងលើ ដែលជាទង្វើផ្ទុយនិងច្បាប់ ប្រឆាំងនិង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល។មានមតិសាធារណៈជាច្រើន បានលើកឡើងថា កាស៊ីណូអីក៏ខ្លាំងម្លេះ ចូលចិត្តកាងបទល្មើស មិនបានគោរពអនុសាសន៍របស់ សម្តេចតេជោ ហ៊ុនសែនសោះ ព្រោះថារាល់បទល្មើសទាំងឡាយ ដែលច្បាប់បានហាមឃាត់ ដូចជាល្បែងអបាយមុខគ្រប់ប្រភេទ ស្រីស្រារាំស្រាត កន្ទុយលេខ ភ្នាល់បាល និងកីឡាបក្សី ជាដើម ដែលសម្តេច ធ្លាប់បានប្រកាសឲ្យបិទ ទូទាំង ប្រទេស បែជាពពួកដង្កូវសង្គមបាតផ្សារ ទាំងនោះនាំគ្នាឃុបឃិត ចូលទៅជួលដីក្នុងកាស៊ីណូ បើកយ៉ាងចំហ មានសុវត្ថិភាពមួយរយភាពរយមានគ្មានសមត្តកិច្ចណាហ៊ានរំខានឡើយ ពីព្រោះត្រូវថ្នាំសណ្តំបន្ទន់ ឆ្អឹងរបស់ ក្រុមអ្នកញៀនល្បែង៕ ដោយ ខៀវ បូរី