ភ្នំពេញ ៖ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទក្រដាសប្រាក់២០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ នេះ ដែលមានទំហំធនប័ត្រ បណ្តោយ១៤៦មិល្លីម៉ែត្រ និងទទឹង៦៨មិល្លីម៉ែត្រ ។
ពណ៌ចម្បង គឺពណ៌បៃតង ពណ៌លឿងខ្ចី និងពណ៌ក្រមៅ ។
ផ្ទៃខាងមុខ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលពីមុខបញ្ឆិត ចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងមានចារឹកអក្សរ «ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ព្រះបិតាឯករាជ្យជាតិ» ។ នៅពីក្រោមខាងឆ្វេងមានលេខ «២០០០» នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់
ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា ។
នៅខាងក្រោមមានលេខ-មាលាដែលបោះពុម្ពដោយទឹក ខ្មៅពណ៌ខ្មៅ រូបភាពនាគក្បាល៥ ដែលយកគំរូតាមចម្លាក់នៅវិមានឯករាជ្យ និងអក្សរ «ពីរពាន់រៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោមនោះ និងមានបន្ទះពណ៌ទឹកមាស អមសងខាងដោយបន្ទះពណ៌ផ្ទៃមេឃ ដែលមានទំហំសរុប
៨មិល្លីម៉ែត្រ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។
ចំណែកផ្នែកខាងខ្នង ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបភាពឯកសារស្តីពីព្រះរាជបូជនីយកិច្ចនៃ អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ក្នុងការដឹកនាំចលនាតស៊ូទាមទារឯករាជ្យជាតិ ពីសំណាក់ពួកអាណានិគមនិយមបារាំង និងមានអក្សរ «ពីរពាន់រៀល» នៅពីក្រោមនោះ ។ ផ្នែកខាងស្តាំ មានរូបភាពវិមានឯករាជ្យ និងមានលេខ «២០០០» នៅពីក្រោមនោះ ព្រមទាំងលេខ «2000» ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរនៅជ្រុងខាងលើ ។
ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ព្រមទាំងលេខ-មាលា ដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងខាងក្រោមមានលេខ «២០០០» និង «2000» នៅបន្ទាប់គ្នា ។ ផ្នែកខាងឆ្វេង មានលេខ «2000» ព្រាលៗដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ និងមានផ្ទៃបោះពុម្ពពិសេស
ពណ៌ទឹកប្រាក់ទំហំ១០មិល្លីម៉ែត្រ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។
ផ្នែកខាងឆ្វេង ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» នៅកណ្តាលមានចារឹកអក្សរ «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៣)» និងនៅខាងក្រោមមានលេខ «២០០០» ដែលមានលេខតូច «២០១៣» នៅពីលើនោះ ។ ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ២០០០រៀល ត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិ ប្រភេទផ្សេងៗ
ទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឱ្យបាន ច្បាស់លាស់ ដើម្បីចៀសវាសការភ័ន្តច្រឡំ ៕
» Breaking News, ព័ត៌មានជាតិ » ចេញក្រដាសប្រាក់២០០០រៀល អបអរខួបឯករាជ្យជាតិ