ភ្នំពេញ ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ វិច្ឆិកា នៅផ្ទះជួលមួយកន្លែងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាបូបប្រាក់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ តុលា កន្លងមកនៅចំណុចផ្ទះជួលលេខ៣០ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលក្នុងកាបូបនោះមានប្រាក់ចំនួន៣.៩៧៥ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត ។
អ្វីដែលមានការចាប់អារម្មណ៍ជុំវិញការឈានទៅឃាត់ ខ្លួនបាននេះ បន្ទាប់ពីជនសង្ស័យរូបនេះទៅផឹកស៊ីនៅផ្ទះមិត្តភក្តិរបស់ខ្លួន ដែលនៅក្បែរនោះ រួចអួតប្រាប់មិត្តភក្តិពីរឿងលួចកាបូបបានប្រាក់ និងប្រុងទិញម៉ូតូ១គ្រឿងជិះ ។ តាមពាក្យទំនៀមថា មាត់ស៊ីអំបិលប្រហុក ក៏បែបនេះឯង មិនខុសពីត្រីងាប់ដោយសារមាត់នោះទេ ។ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ជា សៅវ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
តាមមន្ត្រីនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០តុលា ២០១៣ នៅពេលដែលស្ត្រីម្ចាស់កាបូបដេកលង់លក់ ក៏បានទុកកាបូបក្បែរខ្លួន ស្រាប់តែជនសង្ស័យបានដាក់ជណ្តើរឡើងទៅលើផ្ទះ រួចលូកតាមបង្អួចយកកាបូបមានប្រាក់ចំនួន៣.៩៧៥ដុល្លារ និងគ្រឿងអលង្ការរួមមាន
ខ្សែ.កប្លាកទីនទម្ងន់៧ជីមួយខ្សែ, ខ្សែដៃប្លាកទីនទម្ងន់៦ជី, ខ្សែ.កប្លាកទីនរបស់ក្មេង២ខ្សែ, ខ្សែជើងប្លាកទីន១ខ្សែ, កងជើង១ និងខ្សែដៃប្លាកទីន១ខ្សែ រួចគេចខ្លួនបាត់
តាមស្ត្រីជាម្ចាស់កាបូបឈ្មោះ អ៊ន សុផល បានឱ្យដឹងថា នៅពេលចោរលួចកាបូបនោះ គាត់ពុំបានដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ ។ រំលងបានប្រមាណ៣ថ្ងៃ ស្រាប់តែចោរដែលលួចកាបូបរបស់គាត់បានទៅផឹកស៊ីនៅក្បែរនោះស្រវឹង និយាយអួតប្រាប់មិត្តភក្តិពីរឿងលួចកាបូបបានប្រាក់ និងប្រុងទិញម៉ូតូជិះ ហើយត្រូវបានបងប្អូនដែលនៅក្បែរនោះឮ ក៏ប្តឹងសមត្ថកិច្ចឱ្យស្រាវជ្រាវចាប់បានតែម្តង ហើយនៅពេលឃាត់ខ្លួននោះនគរបាលបានហៅស្ត្រីជាប្រពន្ធជនសង្ស័យទៅ សាកសួរផងដែរ ។
តាមព័ត៌មានបានឱ្យដឹងថា ប្រាក់ដែលលួចបាននោះ ជននេះបានទិញរបស់របរឱ្យឪពុកម្តាយ បងប្អូន និងឱ្យប្រពន្ធចំនួន១.០០០ដុល្លារទិញម៉ូតូ១គ្រឿង ។ នៅពេលឃាត់ខ្លួន ប៉ូលិសដកហូតបានប្រាក់តែ៥០ដុល្លារ និងកងដៃមួយតែប៉ុណ្ណោះ ៕
» ព័ត៌មានជាតិ » លួចកាបូប ពេលស្រវឹងអួតប្រាប់គេ ក្លាយជាអ្នកទោស