ភ្នំពេញ ៖ បើនិយាយដល់ក្រុមហ៊ុនស៊ីនទ្រី គឺប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំខឹងខាងសាលារាជធានីភ្នំពេញ ដែលគ្មាន ចំណាត់ការឲ្យក្រុមហ៊ុននេះធ្វើការផ្លាស់ប្តូរសំភារៈនិងឧបករណ៍ប្រើប្រាស់សោះ ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែស្ពឹកស្រពន់លើសដើម។
ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ខណៈបានឃើញឡាន សំភារៈប្រើប្រាស់ និងសកម្មភាពអ្នកប្រមូលសំរាមនាំគ្នាសើចស្ទើររយះមាត់ និងនាំគ្នាខ្ទប់មាត់បិទច្រមុះគ្រប់ៗគ្នា ព្រោះតែពួកគេ មើលឃើញថា «ឡានក៏កញ្ចាស់ទ្រុឌទ្រោម ធ្លុះធ្លាយ រទេះកើបសំរាមគ្មានដាក់ចំណាំងផ្លាត អ្នកប្រមូលសំរាមក៏ គ្មានពាក់អាវចំណាំងផ្លាតដែរ»។ ពិសេសគឺនៅម៉ោង៧ទៅ៨ព្រឹកទៅហើយនោះនៅតែកើបសំរាមមិនទាន់រួចរាល់ ទៀត គឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ពឹកស្រពន់ឡើងៗ។ ត្រង់ករណីនេះហើយទើបគេរិះគន់ថា «ក្រុមហ៊ុនស៊ីន ទ្រី ចេះរកលុយតែមិនចេះកើបសំរាមឲ្យបានលឿននោះឯង»។ ដូច្នេះហើយទើបគេរិះគន់សាលារាជធានីភ្នំពេញ ថា គ្មានចំណាត់ការឲ្យបានតឹងរ៉ឹង ចំពោះក្រុមហ៊ុនស៊ីនទ្រីនេះ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងមួយខែៗកើបលុយពីគ្រប់ច្រកល្ហកបានមិនតិចលានដុល្លារនោះទេ ចុះហេតុអ្វីមិន ព្រមរកកម្មករឲ្យបានច្រើន និងឡានល្អៗផងទៅ? បើធ្វើតែរបៀបនេះបន្តទៀត ច្បាស់ជាអាប់មុខអាប់មាត់ទីក្រុង ភ្នំពេញអស់ហើយ។ គេបន្តថា បើក្រុមហ៊ុននេះគ្មានសមត្ថភាពទេ គួរលុបកុងត្រាចោលទៅ ព្រោះ«ទុកក៏មិន ចំណេញដកចេញក៏មិនខាតដែរ»។
ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ប្រជាពលរដ្ឋរអ៊ូរទាំតែក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីនេះឯង។ សកម្មភាពប្រមូល សំរាមយកទៅគរទុកបណ្តោះអាសន្នដាក់តែនៅតាមរបងសាលា របងវត្ត របងមន្ទីរក្រសួងនានាប៉ុណ្ណោះ ដោយ ក្រុមហ៊ុននេះគ្មានលទ្ធភាពរកទីតាំងស្តុកសំរាមបណ្តោះអាសន្នឲ្យបានត្រឹមត្រូវនោះទេ។ ការគរទុកសំរាមបែប នេះ ធ្វើឲ្យក្លិនស្អុយមេរោគឆ្លងដល់អ្នកដំណើរគ្រប់រូប ដែលបានឆ្លងកាត់ទីនោះ។ ដូច្នេះលោកអភិបាលរាជធានី ភ្នំពេញ មេត្តាមើលឃើញករណីនេះផង ដោយមិនត្រូវមើលរំលងនោះទេ។ ពិសេសម្ចាស់ក្រុមហ៊ុនតែម្តង ត្រូវដឹងខ្លួនថា តើមានសមត្ថភាពគ្រប់គ្រងនិងមានការទទួលខុសត្រូវដែរឬអត់? បើដឹងថា «ខ្លួនអន់សូមរកដៃគូថ្មី មកជំនួសវិញទៅ»។
គេនិយាយថា «ក្រុមហ៊ុនម៉ាស្រុកខ្មែរដែលប្រើឡានចាស់ៗជាងគេមានតែ២ទេ ទី១ ក្រុមហ៊ុន សូងួន និងទី២ ក្រុមហ៊ុនស៊ីនទ្រីនេះ»។ បើមិនចង់ឲ្យមានការរិះគន់ទេនោះ សូមចេះភ្ញាក់រលឹកដោយខ្លួនឯងឡើងវិញ គឺត្រូវប្រើ សំភារៈឧបករណ៍ដែលថ្មីៗឲ្យវាសមស្របទៅនឹងពាក្យថា «ទីក្រុងស្អាត ហូបស្អាត ផឹកស្អាត និងបរិស្ថានល្អ»៕
ដោយ៖ ឃុន ពិមោច