ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហាញជនមុខសញ្ញា៤នាក់ ដែលពាក់ព័ន្ធនឹងករណីប្លន់ លួច កាច់កម៉ូតូ និងជួញដូរគ្រឿងញៀនដ៏សកម្មក្នុងរាជធានីភ្នំពេញ ។
លោក វរសេនីយ៍ទោ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលពាក់ព័ន្ធនឹង ករណីប្លន់ប្រដាប់អាវុធ លួច កាច់កម៉ូតូ និងពាក់ព័ន្ធគ្រឿងញៀនខាងលើនេះមានឈ្មោះ១-វន ធេង ហៅឆឹង ភេទប្រុស អាយុ៣២ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ(មុខសញ្ញាប្លន់), ២-ស្រី ពិទូ ភេទប្រុស អាយុ២៣ឆ្នាំ ជាជួសជុលរថយន្ដ មានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម(មុខសញ្ញាប្លន់), ៣-អាន អឿន ហៅម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ(មុខសញ្ញាលួចប្លន់ម៉ូតូយ៉ាងសកម្ម) និង៤-ស ពៅ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ អាន អឿន ហៅម៉ៅ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕