ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ព្រឹក​នេះ​ក្រុមការងារ​បក្ស​ជាប់ឆ្នោត​ទាំង​២​​ចរចា​មាន​របៀបវារៈ​៣​ត្រូវ​ដោះស្រាយ​ ​

ព្រឹក​នេះ​ក្រុមការងារ​បក្ស​ជាប់ឆ្នោត​ទាំង​២​​ចរចា​មាន​របៀបវារៈ​៣​ត្រូវ​ដោះស្រាយ​ ​

ភ្នំពេញ៖ ដើម្បី​ត្រួស​ត្រាយផ្លូវ​មុន​ឈានដល់​ជំនួប​ថ្នាក់​កំពូល​ជាថ្មី​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រុមការងារ​របស់​គ​ណ​បក្ស​ទាំង​២ ដែល​ម្ខាងៗ​មាន​ចំនួន​៥​រូប នឹង​ចូល​តុ​ចរចា​គ្នា​នៅ​ព្រឹក​ថ្ងៃទី​៥ នេះ នៅ​វិមាន​រដ្ឋសភា ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា របៀបវារៈ​ចំនួន​៣ គឺ​១-​ការរៀបចំ​គណៈកម្មកា​រ​ស្វែងរក​ការពិត សម្រាប់​ម្ចាស់ឆ្នោត ដើម្បី​ឈានទៅ​ធ្វើកំណែទម្រង់​ការបោះ​ឆ្នោត ២-​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ គ​.​ជ​.​ប លាលែង​ពី​តំណែង​របស់ខ្លួន និង​៣-​ទាមទារ​ឱ្យ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គ​​​ការ​​​សង្គម​ស៊ីវិល​។ ការពិភាក្សា​បញ្ហា​ទាំងនេះ គឺ​បន្ទាប់ពី​មានការ​ជាប់គាំង​នយោបាយ​ក្រោយ​ថ្ងៃ​បោះឆ្នោត  ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។

ការជួបគ្នា​រវាង​ក្រុមការងារ​គណបក្ស​ទាំងពីរ គឺ​ដើម្បី​ឈានទៅដល់​ការជួប​ចរចា​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ ជាថ្មី​ឡើងវិញ ដើម្បី​ដោះស្រាយ​ភាពទាល់ច្រក​។ ទោះបីជា​បែប​ណា ក្រោយ​ជំនួប​គ្នា​១​ឈុត​កាលពី​ថ្ងៃទី​១៦ និង​១៧ កញ្ញា​កន្លងមក គណបក្ស​ប្រជា​ជន​កម្ពុជា បានចេញ​សេចក្តីប្រកាស​ពី​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត ដែល​តាម​សេ​ណា​​រី​យូ ដែល​ប្រកាស​ឱ្យដឹង​នោះ គឺមាន​ភាពទូលំទូលាយ​មួយ​សម្រាប់​ការពិភាក្សា និង​ការផ្តល់​អនុសាសន៍​នានា​ជុំវិញ​បញ្ហា​នោះ ។

​ក្រុមការងារ​ជំនាញ​ខាង​គណបក្ស​សង្គ្រោះ ជាតិ  រួមមាន លោក សុន ឆ័យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយក​រដ្ឋបាល លោក គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក និង​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ ។ ចំណែក​ក្រុមការងារ​ជំនាញ​​របស់​​​គណ​បក្ស​ប្រជាជន​កម្ពុជា  មាន​ចំនួន​៥​រូប​ដែរ រួមមាន លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក សោម សឿន នាយករង​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ការជួបពិភាក្សា​របស់​ក្រុម​ជំនាញ​គណបក្ស​ទាំងពីរ ទាក់ទង​នឹង​កំណែទម្រង់​ការបោះ​ឆ្នោត ហើយ​លោក​សង្ឃឹមថា នឹង​អាច​ដោះស្រាយបាន ប៉ុន្តែ​គ្រាន់តែ​ថា ចំពោះមុខ​នេះ យើង​ចាប់យក​ជំហាន​ចំពោះ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិបានស្នើ​មក ។

​ចំណែក​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​ឱ្យដឹងថា កិច្ចប្រជុំ​រវាង​ក្រុមការងារ​បច្ចេកទេស នឹង​ជជែក​លើ​របៀបវារៈ​៣​ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​បន្តថា កិច្ចពិភាក្សា​នេះ​មិនដឹង​ទទួលបាន​លទ្ធផល​យ៉ាងណា​នោះទេ គ្រាន់តែ​ជា​ជំហាន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន ក៏ដូចជា​ម្ចាស់ឆ្នោត ។ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់ខ្ជាប់​ឥត​ងាករេ និង​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ចង់ឱ្យមាន​ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំ ។​

​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ធ្លាប់បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លង​មក​​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​ក្នុង​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចំហ ប៉ុន្តែ​មិន​និយាយ​ពី​ការចូល​ប្រជុំ​សភា​ទេ ។ ការចរចា​គ្នា​រវាង​គណបក្ស​ទាំងពីរ​ដើម្បី​បង្ហាញ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ​ដែល​ចង់​បានឱ្យ​គណបក្ស​ទាំងពីរ​ជួបចរចា
​គ្នា ជៀសវាង​អំពើហិង្សា​ណាមួយ ។​

​លោក សម រង្ស៊ី ក៏បាន​លើកឡើង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់ និង​គោរព​ឆន្ទៈ​ម្ចាស់ឆ្នោត ។ លោក សម រង្ស៊ី បាន​បន្ថែមថា ប្រសិន​គ្មាន​ជំនួប​ដោះស្រាយ​រវាង​គណបក្ស​ទាំង​២​ទេ បណ្តា​ប្រទេស​ដែល​ធ្លាប់​ផ្តល់ជំនួយ​មក​កម្ពុជា នឹង​ផ្តាច់ជំនួយ ហើយ​ប្រសិនបើ​បញ្ហា​ជាប់គាំង​នយោបាយ​ដូច​បច្ចុប្បន្ន ប្រទេស​មួយចំនួន ក៏ដូចជា​អ្នកវិនិយោគទុន​ធំៗ ដែលមាន​បំណង​មក​ដាក់ទុន​នៅ​កម្ពុជា ពួកគេ​នឹង​លែង​មក​ធ្វើ​វិនិយោគ ។

បញ្ហា​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស ក៏ដូច​ជា​​រដ្ឋាភិបាល​ផងដែរ ។ ទោះជា​មានការ​លើកឡើង​របស់លោក សម រង្ស៊ី យ៉ាងនេះ​ក្តី ក៏​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា មាន​ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន​បាន​គាំទ្រ​ការដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​នៅតែ​ផ្តល់ជំនួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា  មានតែ​គណបក្សប្រឆាំង​ទេ មិន​ទទួលស្គាល់​រាល់​ទង្វើ​របស់​រដ្ឋាភិបាល​ក្នុង​ការចុះ​កិច្ច​ព្រម ព្រៀង​ជាមួយ​បណ្តា​ប្រទេស​ជា​ម្ចាស់ជំនួយ ។ មិន​ត្រឹមតែ​មិន​ទទួលស្គាល់​សកម្មភាព​ដឹកនាំ​របស់​រដ្ឋាភិបាល គណបក្សប្រឆាំង​បាន​កៀងគរ​បរទេស​កុំឱ្យ​ផ្តល់ជំនួយ​មក​កម្ពុជា​ថែមទៀត ។​

​គួររំលឹកថា នៅក្នុង​ជំនួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋសភា  បាន​ឯកភាពគ្នា​លើ​ការកែទម្រង់​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ ៕ ដោយ​៖ ម៉ា​រី​ណា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya