ភ្នំពេញ៖ ខណៈការប្រកាសសាលដីកានៃការបក ស្រាយឡើងវិញ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរ ជាតិទីក្រុងឡាអេ (ICJ) ជុំវិញសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរ និងតំបន់ជុំវិញ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃ ខាងមុខនោះ ទាហានថៃ បានផ្តើមចល័តកងទ័ពរបស់ខ្លួនជាច្រើន នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ តែការចល័ត
ទ័ពនេះ មន្ត្រីយោធាកម្ពុជាបញ្ជាក់ថា មិនបានចាប់អារម្មណ៍នោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរ ជាតិទីក្រុងឡាអេ ដើម្បីសុំបកស្រាយឡើងវិញ នូវសាលក្រមលើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរ និងតំបន់ ជុំវិញ ដែលតុលាការយុត្តិធម៌អន្តរជាតិមួយនេះ បានកាត់ក្តីឲ្យខ្មែរក្លាយជាម្ចាស់កម្មសិទ្ធិលើ ប្រាសាទព្រះវិហារ
កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២។ តុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ នឹងប្រកាសសាលដីកាតាមសំណើរបស់កម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានដឹកនាំប្រតិភូ កម្ពុជាមួយក្រុម ដើម្បីស្តាប់សាលដីកាផងដែរ។
យោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយកាលពីចុងសប្តាហ៍កន្លងទៅថា ថៃបានបញ្ជូន កងទ័ពរបស់ខ្លួន ចូលមកកាន់ខេត្តស៊ីសាកេត ដែលមានព្រំប្រទល់ដែនជាប់ទឹកដីកម្ពុជា ដើម្បីហ្វឹកហាត់ប្រយុទ្ធ និងហ្វឹកហាត់ជម្លៀសប្រជាជន និងធ្វើសកម្មភាពផ្សេងៗជាច្រើនទៀត។ ប៉ុន្តែសកម្មភាពទាំងឡាយនេះ មិនបានធ្វើឲ្យ
កម្ពុជាខ្វល់ និងព្រួយបារម្ភឡើយ ដោយមូលហេតុថា ការធ្វើរបស់ទា ហានថៃនោះ គឺស្ថិតនៅលើទឹកដីរបស់គេប៉ុណ្ណោះ ហើយកម្ពុជា ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ដែរ ដើម្បីការពារ ទឹកដីរបស់ខ្លួន។
ទាក់ទងនឹងការប្រកាសសាលដីកានេះដែរ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា មេទាហានកម្ពុជា និងថៃ ក៏បានបើកកិច្ច ប្រជុំមួយនៅតាមព្រំដែន ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ និងរក្សាភាពស្ងៀមស្ងាត់តាមព្រំដែនទាំងពីរ។ នេះបើយោងតាមឧត្តមសេនីយ៍ទោ ថុល សុវណ្ណ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ។
លោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរងប្រចាំតំបន់ជួរមុខប្រាសាទព្រះវិហារ បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះ បានដឹកនាំដោយឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលលេខ៣ និងភាគីថៃដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ផារ៉ាហ្កន់ ថាំម៉ាក់រិនថន មេបញ្ជាការកងពលលេខ៦របស់ថៃ។
លោកឧត្តមសេនីយ៍ទោបានបន្តថា កិច្ចពិភាក្សានោះ ភាគីទាំងពីរ បានឯកភាពគ្នារក្សាភាពស្ងប់ស្ងាត់ក្នុងតំបន់ចំនួនបី គឺតំបន់ប្រាសាទព្រះវិហារ តំបន់ច្រកជាំ-ស្រងាំ និងតំបន់មុំបី។ មិនតែប៉ុណ្ណោះភាគីទាំងពីរ ក៏បានសន្យាថា នឹង លេងកីឡា និងហូបបាយរួមគ្នាជាញឹកញាប់ផងដែរ ដើម្បីធ្វើយ៉ាងណារក្សាភាពស្ងប់ស្ងាត់ មិនឲ្យមានវិវាទនោះទេ។
កម្ពុជានៅតែរក្សាភាពស្ងាត់ស្ងៀម នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ ខណៈដែលប្រទេសថៃ បានបញ្ជូនកងទ័ពចូលទៅតំបន់ព្រំដែន និងបានហ្វឹកហាត់ជម្លៀសប្រជាជនចេញពីតំបន់ព្រំដែន។ លោកឧត្តមសេនីយ៍ ជា តារា មេបញ្ជាការកងទ័ពជួរមុខព្រំដែនព្រះវិហារ បានអះអាងថាវាជាសិទ្ធិរបស់ថៃក្នុងការចល័តទ័ពក្នុងទឹកដីរបស់ខ្លួន
ប៉ុន្តែភាគីកម្ពុជា បានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីការពារទឹកដីរបស់ខ្លួន។
នៅសល់តែមួយអាទិត្យទៀតតែប៉ុណ្ណោះ សាលដីកាក្រុងឡាអេស្តីពីភាពជាម្ចាស់នៅលើតំបន់ប្រាសាទព្រះវិហារ នឹងត្រូវបកស្រាយជាផ្លូវការ។ ភាគីកម្ពុជា នៅតែប្រកាន់យកគោលការណ៍ស្ងាត់ស្ងៀមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃដដែល ខណៈភាគីថៃកំពុងចល័តទ័ពនៅតាមតំបន់ព្រំដែន។
នាយឧត្តមសេនីយ៍ជា តារា មេបញ្ជាការកងទ័ពជួរមុខព្រំដែនប្រាសាទព្រះវិហារ បាននិយាយថា កងទ័ពកម្ពុជាគឺប្រកាន់គោលការណ៍រក្សាសន្តិភាព និងសន្តិសុខ ដោយបន្តនៅស្ងាត់ស្ងៀម។ ប៉ុន្តែលោកមេបញ្ជាការរូបនេះ បានបញ្ជាក់ថា កម្ពុជាបានត្រៀម លក្ខណៈគ្រាប់គ្រាន់សម្រាប់ក្នុងការងារស្វ័យការពារ និងការអនុវត្តសេចក្តីសម្រេចរបស់
តុលាការក្រុងឡាអេ។
ការបញ្ជូនកងទ័ពចូលទៅកាន់ខេត្តស៊ីសាកេតដែលមានព្រំដែនជាប់នឹងទឹកដីកម្ពុជា គឺដើម្បីហ្វឹកហាត់ប្រយុទ្ធ និងហ្វឹកហាត់ជម្លៀសប្រជាជន។ ឆ្លើយតបនឹងការចល័តទ័ពរបស់ថៃ លោកនាយឧត្តមសេនីយ៍ ជា តារា មេបញ្ជាការកងទ័ពជួរមុខព្រំដែនប្រសាទព្រះវិហារ បានលើកឡើងថាប្រទេសថៃអាចចល័តទ័ព និងធ្វើសកម្មភាពអ្វីៗទាំងអស់
ក្នុងទឹកដីរបស់ខ្លួនបាន។ ហើយកម្ពុជាក៏មិនអាចហាមឃាត់ចំពោះសកម្មភាពរបស់ថៃបាននោះឡើយ។
កម្ពុជាដែលជាដើមបណ្តឹង ត្រូវបង្ខំចិត្តដាក់ពាក្យបណ្តឹងនេះ កាលពីចុងខែមេសា ឆ្នាំ២០១១ បន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា បានទាមទារកាន់កាប់តំបន់៤,៦ គីឡូម៉ែត្រក្រឡាជុំវិញប្រាសាទព្រះវិហារ។យ៉ាងណាក៏ដោយទាក់ទងនឹងសេចក្តីសម្រេចលើការបកស្រាយលាលក្រមស្តីពី ភាពជាម្ចាស់នៅតំបន់ប្រាសាទ ព្រះវិហារ ប្រមុខការទូតកម្ពុជា និងថៃកាលពីដើមសប្តាហ៍កន្លងទៅនេះ បានសន្យាជាឱឡារឹកថា នឹងរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរជានិច្ច៕ ដោយ៖ ស្ងួន ពិមល់
» Breaking News, ព័ត៌មានជាតិ » កម្ពុជា មិនខ្វល់ពីការ ចល័តទ័ពរបស់ថៃ នៅតាមតំបន់ព្រំដែន