ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំខេត្តរតនគិរី លោក នូវ ដារ៉ា ត្រូវបានមន្ត្រីជាច្រើន និងប្រជាពលរដ្ឋចោទថា បានដាក់ពង្រាយមន្ត្រីជំនិតៗរបស់ខ្លួនឲ្យចុះដាក់ប៉ុស្តិ៍ ជជុះ ចាំប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់រួម និងទំនិញគ្រប់ប្រភេទ ព្រមទាំងសត្វ គោ ក្របី មាន់ ទា ក៏មិនឱ្យរំលងដែរហើយគាត់
មិនដែលខ្វល់ខ្វាយពីការបង្ក្រាបបទល្មើសម្តងណាឡើយ។
សេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យកាសែតអរិយធម៌ដឹងថា សកម្មភាពដឹកជញ្ជូនឈើប្រណីតនិងឈើគ្រញូងរួមទាំងទំនិញផ្សេងៗនៅតំបន់នោះ កើតឡើងទាំងយប់ទាំងថ្ងៃ ដោយក្រុមឈ្មួញបានប្រើប្រាស់ រថយន្តកាមរីស្វិត កាមរីហើម សាំយ៉ុង ឡង់គ្រីស័រឬ រថយន្តទំនើបៗដូចជាអេស្កាឡែត ដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សដែល
ត្រូវបានកាប់បំផ្លាញដោយ ខុសច្បាប់ គេមិនដែលឃើញមន្ត្រី ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់ វិធានការបង្ក្រាបនោះទេ។ ជាធម្មតាក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ប្រចាំអាណាចក្រខេត្តរតនគិរី មានមុខដដែលៗគឺ ពួកគេមានទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៏ ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការតាមដងផ្លូវច្រើនស្អេកស្កះ ឲ្យតែជូនដំណឹងឬបង់លុយជាទៀងទាត់ឲ្យទៅមន្ត្រីជំនាញទាំងនោះ គឺអាចដឹកជញ្ជូនឈើខុសច្បាប់តាមតែអំពើចិត្តគ្មាន នរណាហ៊ានហើបមាត់ទេ ជាពិសេស គឺនិយាយចរចាគ្នាត្រូវជាមួយលោក នូវ ដារ៉ា នោះតែម្តង។
ក្នុងចំណោមមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តរតន គិរីដែលមានប្រមាណ៣០នាក់ លោក នូវ ដារ៉ា បានប្រើប្រាស់មន្ត្រីជំនិតៗជាបក្ខពួករបស់គាត់តែ ៤ទៅ៥នាក់ប៉ុណ្ណោះ ឲ្យចុះប្រមូលលុយពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតមាន យ៉ាងអនាធិបតេយ្យ។ មន្ត្រីមួយចំនួនត្រូវបានលោក នូវ ដារ៉ា ចាត់តាំងឲ្យចុះដាក់ប៉ុស្តិ៍ជជុះនៅក្បែរប្រជុំជន អូរពងមាន់ ទីដែលមានសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់មកពីគ្រប់ទិសទី ហើយមន្ត្រីខ្លះទៀត ត្រូវបានលោក នូវ ដារ៉ា ចាត់តាំងឲ្យចុះប្រមូល លុយពីតាមសិប្បកម្មកែច្នៃឈើ និងដេប៉ូលក់ឈើខុសច្បាប់នៅទូទាំងខេត្តរតនគិរី ដែលតាមសិប្បកម្មនិងដេប៉ូទាំងនោះភាគ ច្រើន ដឹកជញ្ជូនឈើមកលក់ដោយខុសច្បាប់។
គេចង់ឃើញលោក រ៉ាយ រ៉ៃ ជាស្នងការនគរបាលខេត្តរតនគិរី ជាពិសេសអគ្គស្នងការនគរបាលជាតិ មេត្តាពិនិត្យមើលភាពអសកម្មនិងភាពអនាធិបតេយ្យនៃការ ដឹកជញ្ជូនឈើខុសច្បាប់ក្រោមការឃុបឃិតពីលោក នូវ ដារ៉ា ឡើងវិញផង ព្រោះប្រជាពលរដ្ឋបានសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំងចំពោះអំពើពុករលួយ និងភាពអសកម្មរបស់ លោក នូវ ដារ៉ា ដែលពង្រាយមន្ត្រីក្រោម ឱវាទឲ្យដាក់ប៉ុស្តិ៍ជជុះកោសរូស បង្ខំឲ្យប្រជាពលរដ្ឋក្រីក្របង់លុយ ទៅតាមតែទំនើងចិត្ត នៅពេលប្រជាពលរដ្ឋទិញឈើយកមកធ្វើផ្ទះសម្បែង។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា កម្លាំងចម្រុះមកពីច្រើនស្ថាប័នក្នុងខេត្តរតនគិរី ដូចជានគរបាលសេដ្ឋកិច្ចប្រចាំខេត្ត ក្រោមការបញ្ជារបស់លោក នូវ ដារ៉ា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តរតនគិរី ដែលដឹកនាំដោយលោកសុខ រ័ត្ន គយចល័តក៏ដូចជាមន្ត្រីយោធា កងរាជអាវុធហត្ថ បាននាំគ្នាចេញដាក់ប៉ុស្តិ៍ជជុះយ៉ាង
ប្រសេចប្រសាចនៅតាមទីតាំង នៃការដឹកជញ្ជូនឈើខុសច្បាប់ ដូចជាក្នុង ភូមិសាស្ត្រច្រកអូរពងមាន់ និងតាមតំបន់អភិរក្ស។ មន្ត្រីជំនាញនិងកម្លាំងប្រដាប់អាវុធ ដែលដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវទាំង នោះ ចាំតែលាបាតដៃសុំប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដូចជាសម្រាប់រថយន្តតូចៗមួយគ្រឿង ត្រូវចូលបង់លុយឲ្យប៉ុស្តិ៍
ជជុះមួយកន្លែងចាប់ពី ៣០ទៅ៥០ដុល្លារអាមេរិក ហើយសម្រាប់ការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង ឬរថយន្តទំនើបៗមួយចំនួនទៀត ត្រូវបង់លុយចាប់ពី៥០ទៅ៨០ដុល្លារក្នុងមួយជើង បើគ្មានលុយបង់ឲ្យប៉ុស្តិ៍ជជុះទាំងនោះទេ នឹងត្រូវគេចាត់វិធានការបង្ក្រាបយកស្នាដៃបង្អួតថ្នាក់លើជាមិនខានឡើយ៕ ដោយ៖ ព្រហ្ម វីលៀម