ភ្នំពេញ : ភាព ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៦និង១០ នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារបុរសម្នាក់យកខ្សែ មកចងក ធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ផ្ទះជួលលេខ៨ ស្ថិតនៅក្រុមទី២ ភូមិដំណាក់ធំទី៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា បុរសម្នាក់ដែល គិតខ្លីខាងលើនេះមានឈ្មោះ សែម សី អាយុ ២២ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានមុខរបរកម្មកររោងចក្រកាត់ដេរ ។
យោងតាមសំដីពីឈ្មោះ ជុត យ៉ន អាយុ ២០ឆ្នាំ ភេទប្រុស ត្រូវជាបងប្អូន ជីដូនមួយជនរងគ្រោះ បានឲ្យដឹងថា កាលពី២ទៅ ៣ខែកន្លងមកនេះ ឈ្មោះ សែម សី បានលែងលះជាមួយប្រពន្ធ និងមិនទាន់មានការងារធ្វើ ហើយដោយសារតែ រូបគេផឹកស្រាច្រើនពេក រហូតមកដល់ល្ងាចថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៣ នេះ ជនរងគ្រោះ រួមបងប្អូនជីដូន និងមិត្តភ័ក្រ៣ទៅ៤នាក់មកអង្គុយផឹកស៊ីនៅក្នុងបន្ទប់ រហូតដល់ម៉ោង ៧ទៅ៨យប់ ទើបបែកផ្លូវគ្នាចេញមកអង្គុយជជែកគ្នាលេង នៅលើចិញ្ចើមផ្លូវបេតុងខាងមុខបន្ទប់ផ្ទះជួល ហើយជនរងគ្រោះផឹកស្រវឹង បាននិយាយរំលឹកកាលពីខ្លួនរួមរស់ជាមួយប្រពន្ធ។ ខណ:រូបគេនិយាយហើយ ក៏បានដើរទាំងទឹកមុខស្រងូត ស្រងាត់ចូលទៅ ក្នុងបន្ទប់ចាក់សោរទ្វារផ្ទះ មិនឲ្យអ្នកណាចូលទាំងអស់ សូម្បីតែរូបខ្លួនត្រូវបងប្អូនជីដូនមួយ ក៏មិនបើកទ្វារឲ្យចូលដេក ជាមួយដូចថ្ងៃធម្មតាឡើយ ។
ប្រភពដដែលបានបន្ត ដោយជនរងគ្រោះមិនបើកទ្វារ ឲ្យរូបគេក៏សម្រេចដើរទៅដេក នៅផ្ទះបងប្អូនផ្សេងទៀត លុះព្រឹកឡើងម៉ោង៦និង១០នាទី ព្រឹកថ្ងៃកើតហេតុរូបខ្លួន បានដើរមកដល់ផ្ទះកើតហេតុ នឹងស្រែកហៅឈ្មោះ សែម សី ឲ្យបើកទ្វារ ប៉ុន្តែទោះបីស្រែកយ៉ាងណាក៏គ្មានប្រយោជន៍ ទើបសម្រេចទៅគាស់បង្អួច ស្រាប់តែប្រទះឃើញឈ្មោះ សែម សី យកខ្សែស្ពាយកាបូបទៅចងក ជាប់នឹងចំរឹងបង្អួចស្លាប់ ។
សមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យមើល ដើម្បីចង់ដឹងច្បាស់ ថា ស្លាប់ដោយសារមូលហេតុអ្វីឲ្យបានច្បាស់លាស់។ ក្រោយពីនគរបាល ពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចរាល់ហើយដឹងថា ជនរងគ្រោះប្រាកដជាស្លាប់ ដោយសារចងកសម្លាប់ខ្លួនមែន។ ដូច្នេះសមត្ថកិច្ចបានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារ ដឹងយក ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្ត កំពង់ធំ៕
» ព័ត៌មានជាតិ » ចងកសម្លាប់ខ្លួន ព្រោះខឹងប្រពន្ធសុំលែង និងគ្មានការងារធ្វើ