កំពង់ចាម: ជនសង្ស័យចំនួន បីនាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្រីសន្ធរ ចាប់ខ្លួន អ្នកប្រើប្រាស់គ្រឿងញៀនពីរនាក់ និង ម្នាក់ទៀតជាអ្នកចែកចាយគ្រឿងញៀនដ៏សកម្ម ព្រមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយនេះ ជាច្រើនមុខ កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោក វរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរ បានឲ្យថា ដំបូងយើងបានចាប់បានបុរសពីរនាក់ឈ្មោះ តូច សារិន អាយុ ៣៥ ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ផាន សុភ័ត្រ អាយុ ២២ ឆ្នាំមានទីលំនៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ។ ជាមួយនោះរឹបអូសវត្ថុតាងដូចជាៈ សំបកដបទឹកបរិសុទ្ធសម្រាប់សេពគ្រឿងចំនួនបួន , ដបជ័រមានច្រកទឹកថ្នាំញៀន និងដោតទុយោចំនួនពីរ , កាបូបចំនួនមួយមានច្រកសំបកថង់សម្រាប់ផ្ទុកគ្រឿងញៀន , ស្នប់សប់កង់មួយគ្រឿង និងដែកកេសមួយ។ ចំណែកបក្ខពួកគេចំនួន ពីរ នាក់ផ្សេងទៀតបានគេចខ្លួនពេលសមត្ថកិច្ចទៅដល់ដោយមានម្ចាស់ផ្ទះម្នាក់ ផង។
ជនសង្ស័យទាំងពីរបានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀនទាំងនេះពីបុរសឈ្មោះ ឈុន សម្បត្តិ អាយុ ៣៣ ឆ្នាំនៅភូមិច្រោះ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ហើយសមត្ថកិច្ចបានតាមបង្ក្រាបក៏ចាប់បានជនម្នាក់នេះ កំពុងនៅចាំផ្ទះឲ្យបងប្អូននៅភូមិទូរៃលើ ឃុំព្រែកពោធិដែរ និងបានឆែកឆេររកឃើញវត្ថុតាងជាថ្នាំយ៉ាម៉ាគ្រាប់ចំនួន ប្រាំពីរ គ្រាប់ និងមួយចំហៀងគ្រាប់ ហើយនិងម៉ាទឹកកកចំនួន ប្រាំ កញ្ចប់តូច។
ជនសង្ស័យត្រូសមត្ថកិច្ចកសាងសំណុំរឿងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕