កំពង់ចាមៈ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៧ សិ្ថតក្នុងវត្តពាមប្រធ្នោះ ស្ថិតក្នុងភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បុរសម្នាក់មានសតិមិនគ្រប់ យកអូសបម្រុងដុតសាលាឆាន់ ក្នុងវត្តពាមប្រធ្នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ជនដែលគេអះអាងថាសតិមិនគ្រប់នេះឈ្មោះ ពោ សុខុម មានទីលំនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ បុរសម្នាក់នេះ មានជម្ងឺប្រចាំកាយ (មានសតិមិនគ្រប់) និងធ្លាប់ជាប់ពន្ធនាគារផងដែរ។
មុនពេលកើតហេតុ បុរសម្នាក់នេះបានដើរទៅវត្តពាម ហើយឡើងទៅលើសាលាឆាន់ ដោយក្នុងដៃមានកាន់ដំបងឫស្សី១ផង បានគម្រាមយាយៗនៅក្នុងវត្តដែលកំពុងលាងចានឲ្យចុះពីលើសាលាឆាន់ជាប្រញាប់ រួចជនបង្កបានកងអុស ហើយដុតសាលាឆាន់ឆេះ តែសំណាងល្អបានពុទ្ធិស័ទជួយពន្លត់ទាន់ ហើយបាននាំគ្នាចាប់ចងជនបង្កខាងលើ រួចក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានចាប់ខ្លួនជនសង្ស័យយកទៅឃុំខ្លួន និងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីចាត់ការតាមនីតិវិធី៕