ព្រះវិហារ ៖ បុរសប្រម៉ឹកចិត្តខ្មៅម្នាក់បានយកអង្កត់អុសគប់ទៅលើប្រពន្ធ បណ្តាលឲ្យស្លាប់បាត់បងជីវិត កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ តុលា នៅលំនៅឋានរបស់ខ្លួនស្ថិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលេន ។ មន្ត្រីប៉ូលិសឱ្យដឹងថា បុរសជាប្តីឈ្មោះ សោន ស៊ី អាយុ៤២ឆ្នាំ បានយកអង្កត់អុសគប់ទៅលើស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះង៉ី ភ័ក្រ អាយុ៣៩ឆ្នាំ ស្លាប់ចោលកូន៦នាក់ (ស្រី៤នាក់) ។
តាមសម្តីសារភាពរបស់ប្តីបាន ឱ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនទាំងពីរនាក់ប្តីប្រពន្ធបានផឹកស្រានៅក្នុងផ្ទះ បន្ទាប់មកខ្លួនស្រវឹងក៏ទៅដេកលើអង្រឹងក្រោមផ្ទះ ខណៈពេលដែលមេឃក្តៅខ្លាំង ក៏បានប្រាប់ប្រពន្ធឱ្យយកជ្រូកទៅចងនៅកន្លែងម្លប់ និងឱ្យបាយទឹកវាស៊ីផង ប៉ុន្តែពេលនោះប្រពន្ធក៏ស្រវឹងបានឆ្លើយដោយប្រើសម្តីអសុរោះ និងជេរប្រមាថខ្លួនជាប្តីខ្លាំងៗ ដោយសារទ្រាំនឹងការជេរប្រមាថមិនបាន ក៏រើសយកអង្កត់អុសប៉ុនកដៃបំណងគប់ទៅសសរផ្ទះដើម្បីគំរាមប្រពន្ធ ឱ្យឈប់ជេរប្រមាថទៀត ប៉ុន្តែជាអកុសលក៏ខ្ទាតអង្កត់អុសត្រូវចំក្បាលពីក្រោយធ្វើឱ្យ ប្រពន្ធដួលទៅនឹងដី ខណៈនោះប្រពន្ធបានក្រោកឡើង ហើយដើរដឹកជ្រូកយកទៅចងនិងឱ្យវាស៊ីបាយទឹករួច ក៏ឡើងទៅលើផ្ទះដេករហូតដល់ម៉ោង៦ល្ងាច ស្រាប់តែកូនប្រាប់ថាម្តាយស្លាប់បាត់ទៅហើយ បន្ទាប់មកកូនៗក៏បាននាំគ្នារាយការណ៍ទៅប៉ូលិសបុ៉ស្តិ៍ និងមេភូមិ មេឃុំឱ្យបានដឹង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឱ្យដឹងថា ដោយសារប្តីបានយកអង្កត់អូសគប់ទៅលើប្រពន្ធ ខណៈដែលនាងមានជំងឺអ៊ុតក្តាមនៅក្នុងខ្លួន បណ្តាលឱ្យលាប់និងស្លាប់តែម្តង ។
ក្រោយពីធ្វើការសាកសួររួចនៅថ្ងៃទី៣០ តុលា ប៉ូលិសក៏បានឃាត់ខ្លួននិងបញ្ជូនបុរសជាប្តីមកស្នងការដ្ឋាននគរបាល ខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕