បន្ទាយមានជ័យ៖ លោកអនុសេនីយ៍ឯក សុង សុខុន អធិការរងនគរបាលស្រុកស្វាយចេក បានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឃុន សំណាង អាយុ៣៨ឆ្នាំ មានទីលំនៅ នៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក។ ស្ត្រីឈ្មោះឃុន សំណាង បានលង់ទឹកស្លាប់ នៅចំណុចគោកឈើរទេះ ចំងាយ ១,៥ គីឡូម៉ែត្រ ពីភូមិប្រិយ៍ ខណៈពេលស្ត្រីរូបនេះ ទៅបេះផ្លែអំពិល។
លោក ស សឿត អាយុ៤០ឆ្នាំ ជាប្ដី បានអោយដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បានបបួលគាត់ ទៅបេះផ្លែអំពិល តែគាត់(ស សឿត) បានប្រាប់ថា គាត់ជាប់ទៅបង់ត្រី។ ប្រពន្ធរបស់គាត់ ទំនងជាខឹង ហើយបាននិយាយថា ” ទៅបេះអំពិល តែឯងក៏បាន” ។ លុះពេលល្ងាច ពុំឃើញប្រពន្ធត្រឡប់មកវិញ ទើបគាត់ (ប្ដី) និងកូនស្រី អាយុ១៥ឆ្នាំ នាំគ្នាតាមរកប្រពន្ធ និងម្តាយ ហើយឃើញម៉ូតូ និងស្បែកជើង នៅមាត់ប្រឡាយទឹក។ ១ថ្ងៃបន្ទាប់ ទើបឃើញ សពអណ្តែតឡើង៕