ភ្នំពេញ ៖ ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់នាយ វីតាមីនសេ កាន់តែធ្ងន់ធ្ងរដល់ថ្នាក់ត្រូវបញ្ជូនចូលពេទ្យសង្គ្រោះបន្ទាន់ក្រោយក្រុមគ្រូពេទ្យជំនាញរកឃើញថាលោកមានដុំសាច់មហារីក។
ការបញ្ជូនតារាកំប្លែងខាងលើ ចូលបន្ទប់សង្គ្រោះបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមវេជ្ជបណ្ឌិតរកឃើញដុំសាច់មួយនៅបរិវេណថ្លើមរបស់លោក។ ក្រោយពិនិត្យបានល្អិតល្អន់ទើបដឹងថាដុំសាច់នោះ ជាដុំមហារីក តែមិនទាន់អាចបញ្ជាក់ថាជាមហារីកកាច ឬស្លូតនៅឡើយទេ។
អ្នកនាងប៉េងប៉ោង បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មកទល់ពេលនេះដុំសាច់នោះមិនទាន់ត្រូវបានវះចេញនៅឡើយទេ ក្រោយមូលហេតុឪពុកខ្លួនមានវ័យចាស់ ព្រមទាំងមានជំងឺទឹកនោមផ្អែម ដែលអាចនឹងបង្កឲ្យមុខរបួសពិបាកផ្សះក្រោយវះកាត់រួច។
ខណៈនេះ ក្រុមវេជ្ជបណ្ឌិតតាមដានសភាពជំងឺយ៉ាងហ្មត់ចត់ ដើម្បីសង្គ្រោះមុនជំងឺមហារីកនេះ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
កាលពីឆ្នាំ២០១៥ តារាកំប្លែងរូបនេះ ធ្លាប់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរម្ដងហើយ ដោយកាលនោះ លោកមានជំងឺ បូសអន្ទង់។ លោកត្រូវបានសង្គ្រោះទាន់ពេល ដោយមានជំនួយពីក្រុមសមាគមសិល្បករខ្មែរ និងសប្បុរសជនជាច្រើន។ ក្រៅពីជំងឺខាងលើនេះ នាយវីតាមីនសេ មានជំងឺប្រចាំផ្សេងទៀតគឺ ជំងឺលើសឈាម និង ឈឺតាមសន្លាក់៕