ឱកាសពិសេសបានមកលក់ហើយសម្រាប់អ្នកដែលចង់រកការងារធ្វើ នៅថ្ងៃ
សៅរ៍ និងអាទិត្យទី២ទី៣ ចុងសប្ដាហ៍នេះ មានក្រុមហ៊ុនចំនួន ៤៣ ប្រកាសជ្រើសរើសបុគ្គលិកក្នុងកម្មវិធីពិព័រណ៌ការងារថ្នាក់ជាតិ ឆ្នាំ២០១៣ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ទូច សុផាត អនុប្រធានផ្នែកប្រមូលព័ត៌មាន និងផ្សព្វផ្សាយ នៃទីភ្នាក់ងារជាតិនៃមុខរបរ និងការងារ បានឲ្យដឹងថា នៅចុងសប្ដាហ៍នេះ នឹងមានពិព័រណ៍ស្ដីពីការងារ ថ្នាក់ជាតិលើកទី ៣ ដែលមានស្តង់ជ្រើសរើសបុគ្គលិកចំនួន ៦១ នៃក្រុមហ៊ុន ៤៣ មកពីគ្រឹះស្ថាន អប់រំ រោងចក្រ និងបណ្ដាក្រុមហ៊ុនផ្សេងៗ។
គោលបំណងនៃពិព័រណ៍នេះគឺ បង្កើតឲ្យមានវេទិកាជួបជុំគ្នារវាងក្រុមហ៊ុនដែលត្រូវការបុគ្គលិក និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ ខាងក្រុមហ៊ុន នឹងធ្វើបទបង្ហាញពីក្រុមហ៊ុនរបស់គេ និងផ្តល់ព័ត៌មានផ្សេងៗពីការងារដែលត្រូវជ្រើសរើស ហើយយុវជន ក៏មានឱកាសជ្រើសរើសក្រុមហ៊ុនណាដែលខ្លួនចាប់អារម្មណ៍ចង់ធ្វើការផងដែរ។
នៅថ្ងៃនោះ ក្រុមហ៊ុនជាច្រើននឹងទទួលយកពាក្យសុំការងារធ្វើពីយុវជន ហើយក៏មានក្រុមហ៊ុនខ្លះនឹងធ្វើបទសម្ភាសន៍ភ្លាម ៗតែម្ដង។
គួរបញ្ជាក់ថា កម្មវិធីខាងលើចាប់ផ្ដើមពីម៉ោង ៨ព្រឹក រហូតដល់ ៨យប់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ អាចចូលរួមបានដោយសេរី៕ ដោយ៖ បំណងល្អ