ភ្នំពេញ ៖នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ មានភាពភ្ញាក់ផ្អើលមួយកើតឡើង នៅចំណុចផ្ទះលេខ៤៧៨ តាមបណ្ដោយផ្លូវបេតុង ឋិតក្នុងក្រុម១ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែល អាជីវករ លក់មាស ដូរលុយ និងលក់ថ្នាំពេទ្យ ត្រូវក្រុមចោរមួយក្រុមបន្លំយកមាសជិត១០តម្លឹង ដោយពួកគេធ្វើជាដូរលុយ ។
តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ លី ម៉េងហ៊ ភេទស្រី អាយុ៤០ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសម្នាក់មកទិញថ្នាំពេទ្យ និងក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកគុបឌុបស្ដ្រី ម្នាក់មកដូរលុយ១១០ដុល្លារ ពេលនោះពួកគេអត់ចុះពីលើម៉ូតូទេ ដោយឱ្យជនរងគ្រោះយកលុយមកឱ្យ ខណៈដែលជនរងគ្រោះដើរចេញពីទូរដាក់គ្រឿងលង្កា ស្រាប់តែក្មេងប្រុសដែលមកទិញថ្នាំពេទ្យចូលពីក្រោយជនរងគ្រោះ លូកយកថង់ដែលជនរងគ្រោះដាក់គ្រឿងអលង្កា ឡើងជិះមួយគ្រឿងទៀតដែលបក្ខពួកគេចាំរួចជាស្រេចទៅបាត់ ។ ជនរងគ្រោះបន្ដទៀតថា គ្រឿងអលង្កការដែលក្រុមចោរលួចយកទៅមាន ៖ ចិញ្ចៀនពេជ្រ១វង់ ខ្សែកប្លាទីន១តម្លឹង ខ្សែដៃមាស និងប្លាទីនជាច្រើនខ្សែ សរុបជិត១០តម្លឹង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះស្រាវជ្រាវនិងធ្វើកំណត់ហេតុនៅផ្ទះជនរងគ្រោះដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕
» Breaking News, ព័ត៌មានជាតិ » ក្រុមចោរប្រើស្ទីលថ្មី បន្លំយកមាសជិត១០តម្លឹងទាំងព្រឹក