ភ្នំពេញ៖បុរសម្នាក់បានធ្លាក់ពីលើទូកទេសចរណ៍ចូលទៅក្នុងទឹកទន្លេ គ្រាដែលបុរសនោះចូលរួមសប្បាយជាមួយបុគ្គលិកក្រុមហ៊ុនប្រមាណជា៧០នាក់ ដែលបានជួលទូកទេសចរណ៍២គ្រឿងជប់លៀងផឹកស៊ីច្រៀងកម្សាន្តតាមមាត់ទន្លេស្រាប់តែបុរសម្នាក់ស្រវឹងស្រាជោកធ្លាក់ពីលើកាណូតចូលក្នុងទឹកទន្លេបណ្តាលឱ្យលិចបាត់ ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី២៧ តុលា ២០១៣ស្ថិតនៅចំណុចមាត់ទន្លេសាបមុខផ្សាររាត្រីក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះកែវ វាសនាអាយុ២៨ឆ្នាំ ជាបុគ្គលិក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២៦៤ ផ្លូវលេខ១៤៦សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ប្រភពបានបន្តទៀតថាទូកទេសចរណ៍មាន២ជាន់ ចំណែកជនរងគ្រោះអង្គុយនៅជាន់ខាងលើខណៈផឹកស៊ីស្រវឹងជិតដល់ម៉ោងសម្រាកហើយនោះជនរងគ្រោះបានដើរទ្រេតទ្រោតបំរុងទៅបន្ទប់ទឹកហើយបានដើរទៅផ្អែកនឹងបង្កាន់ដៃកាណូតទប់ខ្លួនអត់ជាប់ក៏ធ្លាក់ចូលទឹកទន្លេលិចបាត់រហូត ។
ក្រោយពេលកើតហេតុ គ្រួសារសាច់ញាតិបានជួលទូកអ្នកនេសាទឱ្យជួយមុជរាវរក តែរកមិនទាន់ឃើញសពនៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី ២៩ តុលា នេះ៕