កំពត៖ កាលពីព្រឹកថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៣ នគរបាលខេត្តកំពត បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងបន្ទាប់ពីកសាងសំណុំរឿងរួចរាល់ដោយចោទប្រកាន់ជននេះថា បានរំលោភក្មួយស្រីបង្កើតអាយុ១០ឆ្នាំដែលប្រព្រឹត្តឡើងក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។
ជនសង្ស័យក្នុងករណីនេះឈ្មោះ សំរិត រ៉ា អាយុ ៤២ឆ្នាំ ទីលំនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
នគរបាល នៃស្នងការដ្ឋានខេត្តកំពត បានរៀបរាប់ថា កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៣ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងភ្លាំងបានទទួលបណ្តឹងពីគ្រួសារមួយថា កូនស្រីវ័យ១០ឆ្នាំ របស់ពួកគាត់ត្រូវពូបង្កើតរបស់គេ ឈ្មោះ សំរិត រ៉ាចាប់រំលោភកាលពីប្រហែលប្រាំទៅប្រាំមួយថ្ងៃមុន ខណៈនាងកំពុងដាំបាយនៅលើផ្ទះម្នាក់ឯង។
ឪពុកម្តាយក្មេងរងគ្រោះបានបញ្ជាក់ថា អំឡុងថ្ងៃកើតហេតុនោះពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមិននៅផ្ទះទេគឺកំពុងធ្វើការឯខេត្តកោះកុង ដោយទុកនាងនៅជាមួយបងប្អូន។លុះដល់ថ្ងៃទី២៦ ខែតុលា ពេល ត្រឡប់មកផ្ទះវិញទើបកូនស្រីរៀបរាប់រឿងនោះប្រាប់ក៏ប្រញាប់ប្រញាល់ប្តឹងចូលសមត្ថកិច្ចតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយខ្លួនបានចាប់នាងរំលោភបាន សម្រេចជាបន្តបន្ទាប់ គ្រាដែលនាងនៅផ្ទះម្នាក់ឯង៕ ដោយ៖ វិហារ