ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ រវាងរថយន្តធុនធំ បុកជាមួយម៉ូតូ បណ្តាល ឱ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ៧ គល់ស្ពានសេកុង ត្រើយខាងត្បូង ភូមិស្រែពោធិ៍ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះបានបើកម៉ូតូតែម្នាក់ឯងធ្វើដំណើរពីលិចមកកើត បម្រុងឆ្លងកាត់ផ្លូវជាតិលេខ៧A ទៅផ្ទះរបស់គាត់ ខណៈនោះ មានរថយន្តធំប្រភេទយីឌុប បើកក្នុងល្បឿនលឿនដូចហោះមកដល់កន្លែងកើតហេតុ ក៏បានបុកចំជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឲ្យប៉ើងខ្ទាតជាង ១០ម៉ែត្រ ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯរថយន្តបង្កមិនបង្អង់ល្បឿនបានបើកអូសទាំងម៉ូតូនៅពីក្រោមរថ យន្តគេចចេញពីកន្លែងកើតហេតុបានចម្ងាយជាង ២០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយទើបរថយន្តបង្កឈប់ចត ហើយតៃកុងរថយន្តរត់គេចខ្លួនបាត់។
តែទោះជាយ៉ាងណា គេដឹងថារថយន្តបង្កនោះ ជារថយន្តដឹកក្របីរបស់ឈ្មោះ ថា ដែលជាញឹកញាប់តែងតែទៅដឹកក្របីនៅចំណុចក្បែរព្រំដែនកម្ពុជា-ឡាវ យកទៅលក់នៅទីផ្សារប្រទេសវៀតណាម។
មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ សាណង អាយុ ៦០ឆ្នាំ ជាក្រុមប្រឹក្សាស្រុកសេសាន រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ម៉ូតូរបស់ជនរងគ្រោះម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ចំណែករថយន្តបង្កជាប្រភេទរថយន្តយីឌុប ពណ៌ត្រួយចេក ម៉ាក FUSO ពាក់ស្លាកលេខ ស្វាយរៀង 3A-0762។
នគរបាលបានបន្តថា ទាំងរថយន្ត និងម៉ូតូ ត្រូវដឹកយកទៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ និងឃាត់ខ្លួនព្រូឡានម្នាក់ ដើម្បីស្រាវជ្រាវរកអ្នកបើកបរ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕