ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនម្នាក់ដែលជិះលើទូកកម្សាន្តទេសចរណ៍ ហើយបានធ្លាក់ពីលើទូកលិចបាត់ ដែលគេសន្និដ្ឋានថា ទំនងជាស្រវឹងស្រានោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតហើយ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី២៩ តុលា ២០១៣ នេះ ស្ថិតនៅចំណុចខាងក្រោយវត្តចាក់អង្រែលើ ខណ្ឌមានជ័យ ។
គួរបញ្ជាក់ផងដែរថា មានបុគ្គលិកក្រុមហ៊ុនប្រមាណជា៧០នាក់ បានជួលទូកទេសចរណ៍២គ្រឿង ជប់លៀងផឹកស៊ីច្រៀងកម្សាន្តតាមមាត់ទន្លេ ស្រាប់តែបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្លាក់ពីលើកាណូតចូលក្នុងទឹក ទន្លេបណ្តាលឱ្យលិចបាត់ ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃទី២៧ តុលា ២០១៣ ស្ថិតនៅចំណុចមាត់ទន្លេមុខផ្សាររាត្រីក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះកែវ វាសនា អាយុ២៨ឆ្នាំ ជាបុគ្គលិក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២៦៤ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ប្រភពបានបន្តទៀតថា ទូកទេសចរណ៍មាន២ជាន់ ចំណែកជនរងគ្រោះអង្គុយនៅជាន់ខាងលើ ខណៈពេលផឹកស៊ីស្រវឹងជិតដល់ម៉ោងសម្រាកហើយនោះ ជនរងគ្រោះបានដើរទ្រេតទ្រោតបំរុងទៅបន្ទប់ទឹក ហើយបានដើរទៅផ្អែកនឹងបង្កាន់ដៃកាណូតទប់ខ្លួនអត់ជាប់ ក៏ធ្លាក់ចូលទឹកទន្លេលិចបាត់រហូត ។
ក្រោយពេលកើតហេតុ គ្រួសារសាច់ញាតិបានជួលទូកអ្នកនេសាទឱ្យជួយរាវរក តែរកមិនទាន់ឃើញសពនៅឡើយទេ ។ រហូតដល់ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ សពបុរសរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះរកឃើញនៅតាមដង ទន្លេបាសាក់ ស្ថិតនៅខាងក្រោវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ក្រោយពេលស្រង់ បានហើយនោះ សព្វត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕