ភ្នំពេញ ៖ បុរសម្នាក់របួសបែកក្បាល និងបែកចិញ្ចើមសន្លប់ ខណៈដែលខ្លួនបើក ម៉ូតូទៅបុកខឿនចិញ្ចើមផ្លូវរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមផ្លូវជាតិលេខ៣ នាវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៣ ។
អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BY-4125 តាមរង្វង់មូលចោមចៅឆ្ពោះទៅ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅ លិច ។ លុះដល់ចំណុចកើតហេតុស្រាប់ តែជ្រុលចង្កូតទៅបុកខឿនផ្លូវបណ្ដាលឱ្យ ម៉ូតូ និងអ្នកបើកដួលរងរបួសធ្ងន់តែម្ដង ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដឹងខ្លួនពីសន្លប់បានប្រាប់ថា គាត់ ឈ្មោះ សី វ៉ាន់ណូ អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិសំបុក ឃុំឈូក ស្រុកឈូក ខេត្ដកំពត ។ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង៕
» ព័ត៌មានជាតិ » ស្រវឹងស្រាឃើញចិញ្ចើមផ្លូវរង្វង់មូលចោមថាផ្លូវបុករបួសធ្ងន់