ប៉ោយប៉ែត ៖ បុរសវ័យចំណាស់ម្នាក់មានមុខរបរលក់នំបុ័ងបានខ្ចីម៉ូតូកូនជិះទៅផ្សារ ដើម្បីទិញគ្រឿងយកមកផ្សំនំបុ័ងលក់ ត្រូវចោរកាច់សោ.កយកទៅដោយសុវត្ថិភាព កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចផ្សារមណ្ដល៤ ឋិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុរសវ័យចំណាស់បានឲ្យដឹងថា មុនកើតហេតុគាត់បានខ្ចីម៉ូតូរបស់កូនឈ្មោះ អូច សេងភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នាដើម្បីទៅផ្សារទិញគ្រឿងផ្សំនំបុ័ង ។ លុះទៅដល់ផ្សារបានចតម៉ូតូក្បែរផ្ទះអ្នកស្រុកជិតផ្សាររួច ចាក់សោ.កហើយដើរចូលផ្សារដោយពុំបានផ្ញើអ្នកស្រុកជិតនោះទេ។ ប្រហែលជាកន្លះម៉ោងក្រោយក៏ចេញមកវិញក៏
បាត់ម៉ូតូតែម្ដង ហើយបានប្រាប់គេឯងឲ្យជួយដើររកតែរកមិនឃើញ ។
គាត់បន្តថា ក្រោយពីបាត់ម៉ូតូ គាត់បានប្ដឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ផ្សារកណ្ដាលដើម្បីឲ្យជួយរកនិងឆែកមើលកាមេរ៉ាសុវត្ថិភាព ។ ចៃដន្យការឆែកមើលកាមេរ៉ាសុវត្ថិភាពមើលមិនឃើញសោះ ព្រោះកន្លែងចតម៉ូតូមានរថយន្តចតពីក្រោយនិងបាំងតូបលក់ចាប់ហួយនៅក្បែរ ដែលងាយឲ្យចោរកាច់សោយក ។
បុរសវ័យចំណាស់ដែលអះអាងថា ខ្ចីម៉ូតូកូនជិះទៅផ្សារត្រូវចោរកាច់សោ.កយកបាត់មានឈ្មោះអូច ចេង អាយុ៦៨ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ម៉ូតូដែលចោរកាច់សោ.កនោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួ៨៧០២៤៤៦ ពាក់ស្លាកលេខភ្នំពេញ 1F-2960 ។
លោក ចាន់ សុភី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាលប្រាប់តាមទូរស័ព្ទនៅថ្ងៃ កើតហេតុថា លោកបានទទួលពាក្យបណ្ដឹរបស់ជនរងគ្រោះហើយ ពេលទទួលបានពាក្យបណ្ដឹងភ្លាមលោកឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុង ផ្សារភ្លាម តែមើលមិនឃើញ ព្រោះកន្លែងជនរងគ្រោះចតម៉ូតូឆ្ងាយពីផ្សារ ។ លោកនឹងចាត់កម្លាំងឲ្យតាមរកមើលតាម
ស្តង់លក់ម៉ូតូ ដើម្បីតាមឃាត់ខ្ឡួនជនសង្ស័យមកចាត់ការតាមច្បាប់ ៕