ភ្នំពេញ ៖ កាលពីវេលាម៉ោង១៩ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣នៅក្នុងបន្ទប់ជួល នាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានមនុស្សម្នាផ្អើលចោមរោមមើលករណីឃាតកម្មមួយ ដែលឲ្យបុរសខ្ទើយម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលរបស់ ខ្លួន។
បុរសរងគ្រោះស៊ីម២ ត្រូវបានគេស្គាល់ឈ្មោះ ភឿន សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរនីវ៉េ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
សមត្ថកិច្ច បាននិយាយថា ជនរងគ្រោះមានម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅស៊េរី២០០៧ មិនចាំស្លាកលេខត្រូវបានបាត់បង់ ហើយប្រុសស្នេហ៍ឈ្មោះ ម៉ាប់ ក៏បានបាត់ខ្លួនផងដែរ។ នៅលើខ្លួនប្រាណសពមានស្នាមជាំត្រង់ថ្ងាសដែលរងដោយវត្ថុរឹង និងមានស្នាមជាំបំពង់ក ដែលឃាតករបានច្របាច់ចំបំពង់ខ្យល់។
លោកអនុសេនីយ៍ឯក ម៉ី ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា ករណីនេះជាអំពើឃាតកម្មប្លន់យកម៉ូតូ ហើយបើតាមសាក្សីបញ្ជាក់នៅកន្លែងកើតហេតុគឺជនរងគ្រោះនិងជនសង្ស័យ មានទំនាស់នឹងគ្នាដោយសារតែឈ្មោះម៉ាប់ ប្រុងទៅដេកជាមួយបុរសខ្ទើយម្នាក់ទៀត ធ្វើឲ្យជនរងគ្រោះ(សព)មានការប្រចណ្ឌឈ្លោះប្រកែកគ្នា ហើយក៏បានស្ងាត់ទៅវិញ ក្រោយមកក៏លេចឮព័ត៌មានឃាតកម្មនេះតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ភឿន សុភ័ក្ត្រ ដែលជាមនុស្សខ្ទើយធ្វើខ្លួនជាស្រី បានដេករួមរ័កជាមួយឈ្មោះ ម៉ាប់ ដែលជាប្រភេទមនុស្សខ្ទើយស៊ីម២ដូចគ្នា នៅក្នុងបន្ទប់ ផ្ទះជួលតាំងពីថ្ងៃត្រង់ ហើយអ្នកជិតខាងពុំបានចាប់អារម្មណ៍នោះទេ ដោយសារពួកគេទាំង២នាក់ជួលបន្ទប់រួមរស់នៅជាមួយគ្នា ។ លុះដល់វេលាម៉ោង១៩ម្ចាស់ផ្ទះជួលមានការសង្ស័យ ដោយសារឃើញចាក់សោពីខាងក្រៅបន្ទប់ និងពុំបានឃើញជនរងគ្រោះចេញមកក្រៅបន្ទប់ក៏ប្រាប់សមត្ថកិច្ច រួចគាស់សោបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែតែម្នាក់ឯង៕ ដោយ៖ លីហ៊ាង
» Breaking News, ព័ត៌មានជាតិ » បុរសស៊ីម២សម្លាប់គ្នាប្លន់យកម៉ូតូ