ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ក្នុងករណីម៉ូតូបុកម៉ូតូ កាលពីវេលា ម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកស្មាសបើកពីទិសខាងលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ឆ្លងផ្លូវក្នុងស្ថានភាពស្រវឹង ជោកជាំបើករេពេញផ្លូវ ធ្វើឲ្យម៉ូតូស្មាសចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក បណ្តាលឲ្យភាគីទាំងពីរ ដួលបោក ទៅនឹងថ្នល់ ។ក្នុងនោះជនរងគ្រោះជិះម៉ូតូវីវ៉ា
រងរបួសធ្ងន់ ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែម ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1BP -5760 រងរបួសស្រាល
។ប្រភពបានឲ្យដឹងថា ចំពោះម៉ូតូបង្កវិញម៉ាក វីវ៉ាសេរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ឍ២៨៦៣ភព១ អ្នកបើកបរមានឈ្មោះ នី សូរិយា ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសបែកក្បាលសន្លប់ ឈឹងនៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះ ត្រូវបាននគរបាល ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ(លោកសង្ឃ) ដើម្បីជួយសង្គ្រោះអាយុជីវិត។ ចំណែកភាគី ម៉ូតូស្មាសរងរបួសសុំ ទៅព្យាបាលដោយខ្លួនឯង រីឯម៉ូតូទាំងពីរគ្រឿងត្រូវនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី រង់ចាំដោះស្រាយ
គ្នា ជាក្រោយ៕ ដោយ៖ នាយរំពេរ