កំពង់ធំ ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ ស្ថិតនៅក្នុងភូមិ សានគរ ខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបាននាំគ្នា ចាប់យកមុខរបរ បុកអំបុក លក់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវចំណុចភូមិ សានគរ ខ ដើម្បីបំរើសេចក្តីត្រូវការ ទិញពិសាកំដរអារម្មណ៍ ក្នុងពេលធ្វើដំណើរ ក៏ដូចជាការទិញជារបស់បញ្ញើដល់សាច់ញាតិដែល
កំពុងរង់ចាំមើលផ្លូវត្រឡប់ទៅវិញ និងបានធ្វើអោយប្រជាពលរដ្ឋដែលរស់នៅ ភូមិនេះមានចំណូលសម្រាប់ដោះស្រាយជីវភាពគ្រួសារ។
ជាក់ស្តែងខេត្តកំពង់ធំ ស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ចម្ងាយត្រឹមតែ១៦៦គ.មតែប៉ុណ្ណោះ ប្រជាពលរដ្ឋ នៅក្នុងប្រទេសធ្លាប់បានដឹងពី ចំណីកំដរមាត់របស់ខេត្តកំពង់ធំ ដែលសំបូរជាងគេ គឺចង្រិតបំពងដែលមានរសជាតិពិសាហើយមិនចង់ឈប់ទំពា តែមកដល់ពេលនេះ ខេត្តកំពង់ធំ ក៏កំពុងតែមានឈ្មោះល្បីខាង អំបុកស្រូវថ្មី ដែល
ផលិតដោយដៃបងប្អូនប្រជាពលរដ្ឋផ្ទាល់ ផលិតភ្លាមៗ ក្តៅៗ ពិសាបានតែម្តង ព្រមទាំងបានទស្សនានូវសកម្មភាព បងប្អូនប្រជាពលរដ្ឋ គាត់កំពុងតែប្រកួតប្រជែងគ្នាបុកអំបុក បន្ទរដោយសំលេងត្បាល់ក្បឿង បង្ហាញនូវកាយវិការ ជាចង្វាក់នៃត្បាល់ ទិដ្ឋភាពទាំងនេះបានបង្ហាញពីការច្នៃប្រឌិត បុកអំបុក ដែលមានតាំងពីសម័យកាលមកម្ល៉េះ ។
បងស្រីម្នាក់បានឲ្យដឹងថា កាលពីដើមឡើយ ប្រជាពលរដ្ឋតែងតែនាំគ្នា បុកអំបុក ឬគេនិយមហៅថា ដាល់អំបុក នៅពេលដែលស្រូវចាស់ល្មម ក៏នាំគ្នាច្រូតស្រូវទាំងនោះ មកបែនហើយនៅពេលដែលស្រូវមានសំណើមបន្តិចៗ ក៏បាននាំគ្នាជួបជុំគ្នាប្រុសស្រី បង្កាត់ភ្លើងដាល់អំបុក ក្នុងអំឡុងខែភ្លឺភាគច្រើន តាមភូមិ នីមួយៗ សម្រាប់ពិសា
ភ្លាមៗ គឺមានរសជាតិប្រហើរឆ្ងុយឆ្ងាញ់ ដែលគេហៅថា អំបុកស្រូវថ្មី មិនតែប៉ុណ្ណោះទំនៀមទំលាប់ប្រពៃណីខ្មែរ បានរៀបចំឲ្យមាននូវពិធី បុណ្យអកអំបុកសំពះព្រះខែ ប្រគេននូវតាមវត្តអារាម បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ប្រមូលភោគផលស្រូវដំបូង ។
បងស្រីបានបន្តថា កាលពីមុន ប្រជាពលរដ្ឋនាំគ្នាដាល់អំបុក ដោយត្បាល់មូល សម្រាប់តម្រូវការក្នុងគ្រួសារតែដោយប្រជាពលរដ្ឋ ដែលបានចាប់យកមុខរបរដាល់អំបុកលក់នេះ បុកជារៀងរាល់ថ្ងៃបណ្តាលឲ្យមានការឈឺគ្រប់យ៉ាងនូវសរសៃ ជុំវិញខ្លួនណាមួយផលិតបានអំបុកតិច មិនគ្រប់គ្រាន់និងសេចក្តីត្រូវការរបស់ ភ្ញៀវ ដែលបានធ្វើដំណើរ
ឆ្លងកាត់ ក៏បាននាំគ្នាច្នៃប្រឌិតយកត្បាល់ក្បឿងមកបុកអំបុកទៅវិញ ដែលអាចផលិត អំបុកបានតាមសេចក្តីត្រូវការរបស់អ្នកធ្វើដំណើរ ឆ្លងកាត់បាន រីឯតំលៃអំបុកលក់ក្នុងមួយកំប៉ុងត្រឹមតែ ១០០០ រៀលតែប៉ុណ្ណោះ ព្រមទាំងអាចកុម្ម៉ងតាមពិធីបុណ្យផ្សេងៗបាន។
លោក ពូ ម្នាក់បានឲ្យដឹងថា អំបុកដែលលក់នៅទីនេះ សុទ្ធតែស្រូវថ្មីទើបតែនឹងច្រូតមក ហើយយកមកបុក លក់ មានក្លិនឆ្ងុយឆ្ងាញ់ ធានាថា មិនមានជាតិគីមី និងលាយពណ៌អ្វីនោះទេ អំបុកអាចធ្វើឲ្យសុខភាពល្អ អាចរក្សាទុកបានយូរថ្ងៃ។ ប្រជាពលរដ្ឋនៅទីនេះអាចរកចំណូលបានក្នុង មួយថ្ងៃចាប់ពី ២០០០០រៀលដល់ ៥០០០០ម៉ឺនរៀល និងជាមុខរបរថ្មីរបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានធ្វើស្រែរួចរាល់ ជាពិសេស អំបុកនេះមានលក់គ្រប់រដូវកាលទាំងអស់ ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ បានដាំដំណាំស្រូវច្រើនប្រភេទ មានទាំងស្រូវប្រាំង ស្រូវវស្សា ស្រូវប្រដេញទឹក អស់មួយរដូវដល់មួយរដូវ ទើបបានជាអំបុកនៅទីនេះមានលក់គ្រប់ពេលវេលា ជាចុងក្រោយលោកបាន សំណូមពរឲ្យអាជ្ញាធរខេត្ត ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ព្រមទាំងភ្លៀវជាតិ និងអន្តរជាតិ ជួយគាំទ្រជម្រុញផលិតផលខ្មែរ ដែលផលិតដោយដៃផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យមានទីផ្សារទូលំទូលាយបន្ថែមទៀត ៕ដោយ អ៊ុងសំអាត
» ព័ត៌មានជាតិ » បើឆ្លងកាត់ខេត្តកំពង់ធំកុំភ្លេចទិញអំបុកពិសា ធម្មជាតិពិតៗ រស់ជាតិឆ្ងុយឆ្ងាញ់